ទីក្រុងធំៗ រួមទាំងទីក្រុងប៊ែរឡាំង ទីក្រុងឡុងដ៍្រ និងទីក្រុងញូវយ៉ក ក៏ដូចជាសហគមន៍ជនជាតិជ្វីហ្វនៅជុំវិញពិភពលោក បានបង្កើនសន្តិសុខជុំវិញព្រឹត្តិការណ៍បុណ្យសាសនា Hanukkah កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារលើការប្រារព្ធពិធីថ្ងៃឈប់សម្រាកនៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

មនុស្ស១៥ នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារ ជាការវាយប្រហារដ៏សាហាវបំផុតមួយដែលផ្តោតលើជនជាតិជ្វីហ្វនៅខាងក្រៅអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទសវត្សរ៍ និងអាក្រក់បំផុតលើជនជាតិជ្វីហ្វនៅបរទេសចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ៧តុលា ឆ្នាំ ២០២៣។
កងកម្លាំងនគរបាលនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ និយាយថា ពួកគេកំពុងបង្កើនវិធានការការពារសន្តិសុខនៅជុំវិញវិមាន Brandenburg Gate នៃរដ្ឋធានីអាល្លឺម៉ង់ ជាកន្លែងដែលចង្កៀងអគ្គិសនីដ៏ធំមួយកំពុងត្រូវបានបំភ្លឺដើម្បីប្រារព្ធរាត្រីដំបូងនៃពិធីបុណ្យសាសនាជ្វីហ្វ Hanukkah។
ទន្ទឹមនឹងនេះ នៅសហរដ្ឋអាមេរិក អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយនៅលើបណ្ដាញសង្គមXថា ការការពារបន្ថែមកំពុងត្រូវបានដាក់ពង្រាយសម្រាប់ការប្រារព្ធពិធីបុណ្យ Hanukkah និងក្នុងវិហារសាសនាជនជាតិជ្វីហ្វនានា នៅទីក្រុងញូវយ៉ក ។ នៅវិហារសាសនាជ្វីហ្វដ៏សំខាន់របស់ទីក្រុងវ៉ាសូវី ក្នុងប្រទេសប៉ូឡូញ សន្តិសុខប្រដាប់អាវុធត្រូវបានបង្កើនទ្វេដងសម្រាប់ព្រឹត្តិការណ៍កាលពីល្ងាចថ្ងៃអាទិត្យរបស់ខ្លួន។
កងកម្លាំងនគរបាលទីក្រុងឡុងដ៍្រ បាននិយាយថា ខ្លួនក៏បានបង្កើនសន្តិសុខផងដែរ ប៉ុន្តែមិនចង់ផ្តល់ព័ត៌មានលម្អិតទេ។
នៅប្រទេសបារាំងវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានស្នើសុំឱ្យក្រុមអាជ្ញាធរមូលដ្ឋានពង្រឹងសន្តិសុខជុំវិញទីតាំងនានានៃការប្រារព្ធពិធីបុណ្យនេះរបស់ជនជាតិជ្វីហ្វ ក្នុងអំឡុងពេលថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែធ្នូ៕


