លោកនាយករដ្ឋមន្ត្រីបារាំង សេបាស្ទៀន ឡេខូនុយ (Sébastien Lecornu) ត្រូវបានក្រុមមន្ត្រីមូលដ្ឋានជំរុញកាលពីថ្ងៃអាទិត្យឱ្យធ្វើអន្តរាគមន៍ដើម្បីជៀសវាងការកើនឡើងនៃស្ថានភាពតានតឹងខ្លាំង ខណៈក្រុមប្រជាកសិករបារាំង បានតវ៉ាប្រឆាំងនឹងការប្រើប្រាស់កម្លាំងនគរបាល និងការសម្លាប់សត្វគោដោយសារតែជំងឺសើស្បែក។

កសិករនៅភាគខាងត្បូងប្រទេសបារាំងមានការខឹងសម្បារយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេមើលឃើញថាជាការឆ្លើយតបយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលលើការផ្ទុះឡើងនៃជំងឺសើស្បែលើសត្វគោដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាជំងឺដុំពកលើស្បែក។
ពួកគេបានបិទផ្លូវ និងចាក់លាមកសត្វដើម្បីតវ៉ា បន្ទាប់ពីពេទ្យសត្វនៅសប្តាហ៍នេះបានសម្លាប់គោជាង ២០០ ក្បាលក្នុងភូមិមួយក្បែរព្រំដែនអេស្ប៉ាញ ក្រោយបានរកឃើញករណីតែមួយនៃជំងឺនេះ។កងកម្លាំងនគរបាលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញក្រុមបាតុករដែលខឹងសម្បារនិងកំពុងការពារគោរបស់ពួកគេ។
លោកស្រី Carole Delga ប្រធានតំបន់ភាគខាងត្បូង Occitanie ដែលបានលេចចេញជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺនោះបាននិយាយថា ការខឹងសម្បារ និងកំហឹងកំពុងកើនឡើងឥតឈប់ឈរនៅចំពោះមុខភាពអស់សង្ឃឹមរបស់ប្រជាជន។
លោកស្រីបាននិយាយនៅក្នុងលិខិតចំហមួយផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ឡេខូនុយ ថា វាដល់ពេលហើយដែលអ្នកត្រូវធ្វើអន្តរាគមន៍ដើម្បីធានាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នូវការសន្ទនាដោយស្មោះត្រង់ជាមួយកសិករ៕

