តុលាការជាន់ខ្ពស់របស់ទីក្រុងហុងកុង នៅថ្ងៃចន្ទ (១៥ ធ្នូ) នេះ បានចេញសេចក្ដីសម្រេច ដោយរកឃើញថា លោក Jimmy Lai មានទោសពីបទឃុបឃិតជាមួយកងកម្លាំងបរទេសចំនួន ២ករណី និងបទញុះញង់ឱ្យមានការបះបោរ ១ករណី ក្រោមច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន ដែលអាចធ្វើឱ្យលោកជាប់ពន្ធនាគារអស់មួយជីវិត។ ការកាត់ទោសជាផ្លូវការ ត្រូវបានរំពឹងទុកនៅពេលក្រោយ។

គួរឱ្យដឹងថា លោក Lai វ័យ ៧៨ឆ្នាំ ដែលជាអតីតមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ បានបង្កើតកាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលឥឡូវនេះ ស្ថាប័ននោះត្រូវបិទទ្វារទៅហើយ។ លោកបានផ្ដល់ចម្លើយពីភាពគ្មានទោស ចំពោះបទចោទទាំងនេះ ពោលគឺបទឃុបឃិតគ្នាជាមួយកងកម្លាំងបរទេស និងបទចោទឃុបឃិតគ្នាដើម្បីបោះពុម្ពផ្សាយសម្ភារៈញុះញង់ឱ្យបះបោរ។
ចៅក្រមបានពិពណ៌នាលោក Lai ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នៅខាងក្រៅតុលាការ មនុស្សម្នាបានតម្រង់ជួរយ៉ាងវែងរង់ចាំស្ដាប់សាលក្រម ហើយកម្លាំងនគរបាលកំពុងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅតំបន់ជុំវិញតុលាការ។
ក្រោយពេលប្រកាសសាលក្រម អ្នកកាសែតរាយការណ៍ថា លោក Lai មើលទៅមានសភាពស្ងប់ស្ងាត់ បន្ទាប់ពីត្រូវរកឃើញថាមានទោសលើបទចោទប្រកាន់ទាំងអស់។ តុលាការនិយាយថា ការផ្ដន្ទាទោសជាផ្លូវការលើលោក Lai — ដែលបានជាប់ពន្ធនាគារអស់ ៥ឆ្នាំរួចមកហើយ ក្នុងពេលរង់ចាំលទ្ធផលនៃសំណុំរឿង — នឹងត្រូវប្រកាសនៅពេលក្រោយ៕


