អាជ្ញាធរបានបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ (១៤ ធ្នូ) នៅសណ្ឋាគារមួយកន្លែងក្នុងរដ្ឋ Rhode Island របស់សហរដ្ឋអាមេរិក ហើយត្រូវបានឃុំខ្លួនជា «បុគ្គលជាប់ពាក់ព័ន្ធ» ក្នុងការបាញ់ប្រហារដ៏កក្រើកនៅសកលវិទ្យាល័យ Brown ដែលបានបណ្តាលឱ្យនិស្សិត ២នាក់ស្លាប់ និង ៩នាក់រងរបួស ក្នុងអំឡុងពេលប្រឡងបញ្ចប់ឆ្នាំសិក្សា។

ការបាញ់ប្រហារនៅរសៀលថ្ងៃសៅរ៍ វេលាម៉ោងក្នុងស្រុកនោះ បានបង្កភាពវឹកវររាប់ម៉ោងនៅទូទាំងបរិវេណសាលា និងតំបន់ជុំវិញក្រុង Providence ខណៈមន្ត្រីរាប់រយនាក់តាមស្វែងរកជនបាញ់ប្រហារ។ ការបិទខ្ទប់នៅសកលវិទ្យាល័យ Brown ត្រូវដកចេញកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែអាជ្ញាធរមិនទាន់ចេញផ្សាយព័ត៌មានអំពីហេតុផលដែលអាចកើតមាន ពីក្រោយការបាញ់ប្រហារនេះទេ។
លោក Oscar Perez ប្រធាននគរបាលក្រុង Providence បាននិយាយថា បុរសដែលត្រូវឃុំខ្លួននោះមានវ័យប្រហែល ២០ឆ្នាំ ហើយជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដោយកាំភ្លើងកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនចែករំលែកព័ត៌មានលម្អិតបន្ថែមទេ ហើយក៏មិនបញ្ជាក់ថា បុរសនោះជាជនសង្ស័យឬយ៉ាងណាឡើយ ខណៈការស៊ើបអង្កេតកំពុងបន្ត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានរាយការណ៍ដោយដកស្រង់ប្រភពថា អត្តសញ្ញាណបុរសនោះគឺជាអតីតយុទ្ធជនយោធា ឈ្មោះ Benjamin Erickson អាយុ ២៤ឆ្នាំ ដែលពីមុនរស់នៅក្នុងរដ្ឋ Wisconsin។ ឧប្បត្តិហេតុនេះកើតឡើងក្នុងពេលដ៏មមាញឹកបំផុតមួយនៃឆ្នាំសិក្សា ដោយខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារអំឡុងពេលនិស្សិតកំពុងប្រឡងក្នុងអគារជំនាញវិស្វកម្ម៕


