អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) បានព្រមានខ្លាំងៗថា រុស្ស៊ីនឹងចាត់វិធានការសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងសហភាពអឺរ៉ុប ជុំវិញការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយខុសច្បាប់។
គួរឱ្យដឹងថា នៅថ្ងៃសុក្រសប្ដាហ៍មុន ប្លុកអឺរ៉ុបប្រកាសថា ខ្លួននឹងបង្កកទ្រព្យរុស្ស៊ី ដោយគ្មានកំណត់ ដើម្បីសម្រួលដល់ការប្រើមូលនិធិទាំងនោះសម្រាប់តម្រូវការហិរញ្ញវត្ថុ និងយោធារបស់អ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Zakharova បានរិះគន់សកម្មភាពរបស់សហភាពអឺរ៉ុបថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយនិយាយថា ការបង្កក ឬការរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីណាមួយ គឺជាជំហានខុសច្បាប់ ដោយគ្មានការយល់ព្រមពីទីក្រុងមូស្គូ។
លោកស្រីលើកឡើងថា «ការឆ្លើយតបរបស់រុស្ស៊ី នឹងមិនពន្យារពេលទេ» ដោយកត់សម្គាល់ថា ធនាគារកណ្តាលរុស្ស៊ី បានដាក់បណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទទួលបន្ទុកមូលបត្រកណ្តាល Euroclear ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល រួចទៅហើយចំពោះសំណងខូចខាត នៅតុលាការមជ្ឈត្តកម្មទីក្រុងមូស្គូ។
បណ្តឹងនេះលើកឡើងពីសកម្មភាពខុសច្បាប់របស់ឃ្លាំងមូលបត្រ Euroclear និងការពិចារណារបស់គណៈកម្មការអឺរ៉ុប លើការប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយគ្មានការអនុញ្ញាត។ អ្នកនាំពាក្យរុស្ស៊ីរូបនេះបានព្រមានថា សកម្មភាពរបស់អឺរ៉ុប ត្រឹមតែធ្វើឱ្យខូចប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខូចកេរ្តិ៍ឈ្មោះសកលរបស់ខ្លួនផងដែរ ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគដែលអាចទុកចិត្តបាន៕

