ប្រជាជននៅទីក្រុងគីវ កាលពីថ្ងៃអាទិត្យ (១៤ ធ្នូ) បានសម្តែងការសង្ស័យអំពីសមត្ថភាពរបស់សម្ព័ន្ធយោធាលោកខាងលិច ក្នុងការផ្តល់ការធានាសន្តិសុខដ៏រឹងមាំសម្រាប់អ៊ុយក្រែន ក្រោយមហិច្ឆតាដ៏យូរលង់របស់ខ្លួនក្នុងការចូលរួមជាសមាជិករបស់អង្គការណាតូ ត្រូវបានទម្លាក់ចោល។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ ក្នុងពេលកិច្ចចរចាសន្តិភាពនៅទីក្រុងប៊ែរឡាំងថា អ៊ុយក្រែនបានសម្រេចចិត្តបោះបង់ចោលគោលបំណងរបស់ខ្លួន ក្នុងការចូលរួមជាមួយសម្ព័ន្ធយោធាណាតូ ជាថ្នូរនឹងការធានាសន្តិសុខរបស់លោកខាងលិច ហើយជំហានេះជាការសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
បន្ទាប់ពីដំណឹងនេះ ប្រជាពលរដ្ឋទីក្រុងគីវមួយចំនួន បានសម្ដែងមតិរបស់ពួកគេថា «ការធានាសន្តិសុខជាច្រើនត្រូវបានផ្តល់ឱ្យ ប៉ុន្តែដូចជាគ្មានអ្វីកើតឡើងសោះ ពលរដ្ឋ (អ៊ុយក្រែន) បន្តរងការកាប់សម្លាប់ គ្មានផ្ទះសម្បែង និងរស់នៅក្នុងនាមជាជនភៀសខ្លួន។ ប្រហែលជាអង្គការណាតូ នឹងជួយអ៊ុយក្រែនតាមមធ្យោបាយណាមួយ ក៏ប៉ុន្តែតើពួកគេពិតជានឹងជួយអ៊ុយក្រែន បានដែរឬទេ»។
ពលរដ្ឋអ៊ុយក្រែន ផ្សេងទៀតបានចោទសួរពីសមត្ថភាពរបស់សម្ព័ន្ធយោធាលោកខាងលិចនេះថា «ទោះជាអ៊ុយក្រែនចូលរួម ឬមិនចូលរួមអង្គការណាតូក៏ដោយ ក៏នឹងគ្មានអ្វីផ្លាស់ប្តូរដែរ ព្រោះអ៊ុយក្រែនកំពុងការពារខ្លួនឯងជាមួយនឹងកងកម្លាំងផ្ទាល់ខ្លួនរួចទៅហើយ ទោះជាគ្មានអង្គការណាតូក្ដី ហើយនៅពេលដែលអង្គការណាតូខ្លួនឯងផ្ទាល់ត្រូវបានវាយប្រហារ ពួកគេក៏មិនបានធ្វើអ្វីនោះដែរ»៕

