ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue មួយគ្រឿងមកពីប្រទេសគូរ៉ាសៅ(Curacao) ជាប្រទេសតូចមួយនៅតំបន់សមុទ្រការ៉ាអ៊ីបបានផ្អាកការហោះឡើងរបស់ខ្លួន ដើម្បីបញ្ចៀសការប៉ះទង្គិចជាមួយយន្តហោះចាក់ប្រេងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដោយអាកាសយានិកក្រុមហ៊ុន JetBlue បានបន្ទោសយន្តហោះយោធានោះចំពោះការឆ្លងកាត់ផ្លូវរបស់លោក។

យោងតាមការថតសំឡេងនៃការសន្ទនារបស់លោកជាមួយក្រុមត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស បានឲ្យដឹងថា «យើងស្ទើរតែមានការប៉ះទង្គិចគ្នានៅលើអាកាសនៅទីនោះ»។ «ពួកគេបានឆ្លងកាត់ដោយផ្ទាល់ក្នុងផ្លូវហោះហើររបស់យើង ពួកគេពុំបានបើកឧបករណ៍បញ្ជូនសញ្ញារបស់ពួកគេឡើយ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើល។ វាកើតឡើងខណៈយោធាសហរដ្ឋអាមេរិក បានបង្កើនសកម្មភាពហាមឃាត់ការដឹកជញ្ជូនគ្រឿងញៀន នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីប ហើយកំពុងស្វែងរកការបង្កើនសម្ពាធលើរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។

អាកាសយានិកបាននិយាយថា «យើងមានការឆ្លងកាត់ចរាចរណ៍នៅខាងមុខយើង ក្នុងចម្ងាយ៨គីឡូម៉ែត្រពីយើង ប៉ុន្តែវាជាយន្តហោះដឹកប្រេងមកពីកងទ័ពអាកាសសហរដ្ឋអាមេរិក ហើយយើងបានស្ថិតនៅរយៈកម្ពស់របស់យើង»។ អាកាសយានិកនិយាយថា ក្រោយមកយន្តហោះកងទ័ពអាកាសសហរដ្ឋអាមេរិកបានហោះឆ្ពៅចូលទៅក្នុងដែនអាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡា។ លោក Derek Dombrowski អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងបានរាយការណ៍ពីហេតុការណ៍នេះទៅកាន់អាជ្ញាធរសហព័ន្ធ ហើយនឹងចូលរួមក្នុងការស៊ើបអង្កេតណាមួយ»។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិកកាលពីខែមុនបានចេញការព្រមានដល់យន្តហោះអាមេរិក ដោយជំរុញឱ្យពួកគេ «ប្រុងប្រយ័ត្ន» នៅពេលស្ថិតនៅក្នុងដែនអាកាសវ៉េណេស៊ុយអេឡា «ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងសកម្មភាពយោធាកាន់តែកើនឡើងនៅក្នុងឬជុំវិញប្រទេសវ៉េណេស៊ុយអេឡា»។