ប្រធានាធិបតី លោក Rodrigo Paz បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបង្កឡើងដោយទឹកទន្លេពេញហៀរនៅតំបន់ Santa Cruz ភាគខាងកើតប្រទេសបូលីវី បានកើនឡើងដល់៧នាក់ ហើយយ៉ាងហោចណាស់មនុស្ស២០នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន និងរាប់រយគ្រួសារគ្មានទីជម្រក។

លោក Paz បានរិះគន់រដ្ឋបាលមុនចំពោះការទុកឲ្យរដ្ឋគ្មានធនធានគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្ន។ អាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយមានផលប៉ះពាល់រួមគ្នានៃបាតុភូត El Niño និង La Niña ដែលលោក Paz បានពិពណ៌នាថាបានបង្កើតកំណត់ត្រាទឹកភ្លៀងមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាងមួយសតវត្សមកនេះ។

លោកប្រធានាធិបតី Paz បានជួបជាមួយអ្នកជំនាញ គណៈរដ្ឋមន្ត្រីរបស់លោក និងអ្នកវិទ្យាសាស្ត្រអាកាសធាតុកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការវាយតម្លៃលើស្ថានភាព។ លោកក៏បានចង្អុលបង្ហាញពីការកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាលក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ ដែលជាកត្តាមួយធ្វើឱ្យទឹកជំនន់កាន់តែអាក្រក់ទៅៗ។ ប្រទេសបូលីវី បានបាត់បង់ដីព្រៃ ១០,៤ លានហិកតាដោយសារចំហេះព្រៃកាលពីឆ្នាំ ២០១៤ ដែលជាវិបត្តិភ្លើងឆេះព្រៃអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។