អឺរ៉ុប៖ នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអាទិត្យថា អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយចំនួនប្រជាជនអ៊ុយក្រែនដែលត្រូវបានភៀសខ្លួនដោយសារជម្លោះអាចមានច្រើនជាង ៧លាននាក់។

លោក Janez Lenarcic ស្នងការអឺរ៉ុបសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិបាននិយាយថា យើងកំពុងមើលឃើញអំពីអ្វីដែលអាចក្លាយជាវិបត្តិមនុស្សធម៌ដ៏ធំបំផុត នៅលើទ្វីបអឺរ៉ុបរបស់យើងក្នុងរយៈពេលជាច្រើនឆ្នាំ។ ខណៈដែលយើងនិយាយនៅពេលនេះថា តម្រូវការកំពុងកើនឡើង។ លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុសសែល បន្ទាប់ពីកិច្ចប្រជុំពិសេសមួយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបថា ដូច្នេះសម្រាប់ស្ថានភាពមនុស្សធម៌ជារួម ចំនួនដែលរំពឹងទុកថា ចំនួនជនភៀសខ្លួនអ៊ុយក្រែននាពេលបច្ចុប្បន្នគឺលើសពី ៧លាននាក់។ ដោយសំអាងលើការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ លោកបាននិយាយថា ប្រជាជនអ៊ុយក្រែនប្រហែល ១៨លាននាក់នឹងរងផលប៉ះពាល់ដោយជម្លោះ ក្នុងលក្ខខណ្ឌមនុស្សធម៌នៅក្នុងប្រទេស ឬប្រទេសជិតខាងនានា ហើយមនុស្ស ៧លាននាក់ត្រូវភៀសខ្លួននៅខាងក្នុងប្រទេស និង ៤លាននាក់ដែលរត់គេចចេញពីប្រទេសជាជនភៀសខ្លួន។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងបង្ខំឱ្យប្រជាជនអ៊ុយក្រែនជាច្រើនចាកចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកទីជម្រកមានសុវត្ថិភាពដោយឈរតម្រង់ជួរគ្នាវែងៗនៅតាមព្រំដែន ហើយផលវិបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរកំពុងលេចចេញជារូបរាងជាបណ្ដើរៗ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអ៊ុយក្រែនជាង ៥០,០០០នាក់បានចាកចេញពីប្រទេសនេះក្នុងរយៈពេលតិចជាង ៤៨ម៉ោង។ លោកបាននិយាយថា ភាគច្រើនបានភៀសខ្លួនទៅប៉ូឡូញ និងម៉ុលដាវី៕
អត្ថបទ៖ សុខមាន