សាក្សីបាននិយាយថា ពលរដ្ឋប៊ូរុនឌីរាប់សិបនាក់ដែលជាប់គាំងនៅក្នុងទីក្រុងUvira ភាគខាងកើតប្រទេសកុងហ្គោ ចាប់តាំងពីការដណ្តើមយកបានដោយក្រុមឧទ្ទាមM23 បានចាប់ផ្តើមឆ្លងត្រឡប់ទៅប្រទេសប៊ូរុនឌីវិញកាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ បន្ទាប់ពីអាជ្ញាធរបានបើកព្រំដែនបណ្តោះអាសន្ន។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីភាពមិនប្រាកដប្រជាជាច្រើនថ្ងៃ ក្រោយក្រុមM23 ដណ្តើមយកបានទីក្រុង Uvira ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅបឹង Tanganyika ជិតព្រំដែនប្រទេសប៊ូរុនឌី។ ប៉ុស្តិ៍ព្រំដែន Gatumba ភាគខាងលិចរដ្ឋធានី Bujumbura ប្រទេសប៊ូរុនឌី បានឃើញពលរដ្ឋតម្រង់ជួរដ៏វែងមានកាន់វ៉ាលី និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ខណៈអាជីវករ បុគ្គលិកនិងកម្មករផ្សេងទៀតដែលឆ្លងកាត់ជាប្រចាំរវាងប្រទេសទាំងពីរ បានព្យាយាមត្រឡប់ទៅប្រទេសវិញ។

ពលរដ្ឋប៊ូរុនឌីម្នាក់ និយាយនៅព្រំដែនថា «ខ្ញុំកំពុងត្រឡប់ទៅប្រទេសវិញដើម្បីជួបកូនៗរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តព្រោះពួកគេអនុញ្ញាតឱ្យយើងត្រឡប់ទៅប្រទេសវិញ»។ អ្នកផ្សេងទៀតបានពិពណ៌នាអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនក្នុងអំឡុងពេលប៉ុន្មានថ្ងៃដែលពួកគេបានជាប់គាំងខ្លួននៅក្នុងទីក្រុង Uvira បន្ទាប់ពីការវាយលុករបស់ក្រុមឧទ្ទាម។ អ្នកវិលត្រឡប់ម្នាក់ទៀតបាននិយាយថា «មនុស្សជាច្រើននៅទីនេះស្រេកឃ្លានខ្លាំង។ យើងមិនបានទទួលទានអាហារ និងទឹក ហើយយើងគ្មានកន្លែងដេកទេ» ខណៈអាជីវករមួយចំនួនបានបាត់បង់ទាំងទំនិញនិងប្រាក់របស់ពួកគេ។ ការបើកព្រំដែនឡើងវិញបណ្ដោះអាសន្ន ធ្វើឡើងខណៈអាជ្ញាធរដែលតែងតាំងដោយក្រុម M23 និយាយថា ពួកគេកំពុងរៀបចំដើម្បីអនុញ្ញាតឱ្យជនបរទេសនិងទាហានដែលត្រូវបានចាប់ខ្លួនត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ក្នុងពេលមានការព្រោះបារម្ភថាជម្លោះអាចរំខានដល់សកម្មភាព និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបន្ថែមទៀត។