ប្រធានអ្នកចរចានៃក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ ធ្នូ) ថា អ៊ីស្រាអែល បានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស ហើយទង្វើនេះបានគំរាមកំហែងដល់ការរស់រាននៃបទឈប់បាញ់នៅដែនដីហ្កាហ្សា ដោយអំពាវនាវឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump ទាមទារឱ្យអ៊ីស្រាអែល គោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់។

អ្នកគាំទ្រក្រុមហាម៉ាសរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងហ្កាហ្សា ក្នុងពិធីបុណ្យសពរបស់មេបញ្ជាការជាន់ខ្ពស់ ឈ្មោះ Raed Saed និងមនុស្ស ៣នាក់ទៀត ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅ។ ប្រធានអ្នកចរចារបស់ហាម៉ាស លោក Khalil al-Hayya ដែលរស់នៅនិរទេសខ្លួន បានបញ្ជាក់ពីការស្លាប់របស់លោក Saed ដែលជាការធ្វើឃាតសមាជិកជាន់ខ្ពស់បំផុតរបស់ហាម៉ាស ចាប់តាំងពីមានបទឈប់បាញ់មក។

លោក Hayya បាននិយាយថា «ការបន្តបំពានបទឈប់បាញ់របស់អ៊ីស្រាអែល និងការធ្វើឃាតថ្មីៗបំផុតដែលកំណត់គោលដៅលើលោក Saed និងអ្នកដទៃទៀត គំរាមកំហែងដល់ការរស់រាននៃកិច្ចព្រមព្រៀង»។ នៅថ្ងៃអាទិត្យដដែលនេះ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានជ្រើសរើសអ្នកជំនួសលោក Saed រួចហើយ ដើម្បីទទួលបន្ទុក «ផលិតកម្មយោធា»។

ប្រភពព័ត៌មានពីក្រុមហាម៉ាស បានពិពណ៌នាលោក Saed ថាជាមេបញ្ជាការទីពីរនៃស្លាបប្រដាប់អាវុធរបស់ក្រុមនេះ។ អ៊ីស្រាអែលនិយាយថា លោក Saed គឺជាម្នាក់ក្នុងចំណោមមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដែលបានបញ្ឆេះសង្គ្រាមដ៏បង្ហូរឈាមនេះ៕