អ្នកនាំពាក្យវិមានវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ ធ្នូ) ថា ការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពីការត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយរុស្ស៊ី គឺជាការអត្ថាធិប្បាយដែលមិនទទួលខុសត្រូវទាល់តែសោះ ហើយបានបង្ហាញថា លោកមិនយល់ច្បាស់ពីវិនាសកម្ម ដែលបង្កឡើងដោយសង្គ្រាមលោកលើកទីពីរនោះទេ។

ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលផ្ទុះឡើងទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២ បានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក។ ក្នុងសុន្ទរកថាមួយនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោក Rutte បាននិយាយថា អង្គការណាតូគួរតែ «ត្រៀមខ្លួនសម្រាប់ទំហំនៃសង្គ្រាមដែលដូនតាពីមុនបានស៊ូទ្រាំ» ហើយអះអាងថា «ណាតូគឺជាគោលដៅបន្ទាប់របស់រុស្ស៊ី»។

វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតនូវការអះអាងរបស់ណាតូ និងមេដឹកនាំអឺរ៉ុបមួយចំនួន ដែលថាខ្លួនមានគម្រោងវាយប្រហារសមាជិកណាតូ ថាជា «រឿងមិនសមហេតុផល» និងគ្មានការទទួលខុសត្រូវ ដែលមេដឹកនាំអឺរ៉ុប ប្រើប្រាស់ដើម្បីបង្កើតភាពភ័យស្លន់ស្លោប្រឆាំងនឹងរុស្ស៊ី។

មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែននិយាយថា ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែន នោះខ្លួននឹងវាយប្រហារអង្គការណាតូ ខណៈទីក្រុងមូស្គូនិយាយថា ការពង្រីកខ្លួនរបស់អង្គការណាតូ ឆ្ពោះទៅទិសខាងកើត គឺជាការគំរាមកំហែងដល់រុស្ស៊ី។ យ៉ាងណាមិញ រុស្ស៊ីបាននិយាយថា ខ្លួនពុំមានបំណងវាយប្រហារអង្គការណាតូនោះទេ៕