នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ថា លោកបានព្រមានសមភាគីអូស្ត្រាលីរបស់លោកថា គោលនយោបាយរបស់ប្រទេសនេះជំរុញឱ្យមានការប្រឆាំងជ្វីហ្វ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុង Dimona លោកNetanyahu បាននិយាយថា លោកបានសរសេរទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីខែសីហា ដោយព្រមានលោកអំពីផលវិបាកនៃគោលនយោបាយរបស់រដ្ឋាភិបាល ដែលលើកទឹកចិត្តដល់ការប្រឆាំងជ្វីហ្វ។

លោកនិយាយថា មេដឹកនាំពិភពលោក ត្រូវចាត់វិធានការដើម្បីបញ្ឈប់ការប្រឆាំងជ្វីហ្វ ដែលនឹងជួយទប់ស្កាត់ការវាយប្រហារប្រឆាំងនឹងសហគមន៍ជ្វីហ្វ។ មេដឹកនាំអ៊ីស្រាអែល បានថ្លែងទៅកាន់រដ្ឋាភិបាលអូស្ត្រាលី ដោយនិយាយថា ប្រទេសនេះមិនបានធ្វើអ្វីសោះក្នុងការទប់ស្កាត់ការវាយប្រហារនៅឆ្នេរ Bondi ជាកន្លែងដែលពិធីបុណ្យជ្វីហ្វមួយកំពុងប្រព្រឹត្តទៅ។

ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារនៅឯពិធីបុណ្យនៅថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីហ្វនៅឆ្នេរ Bondi ទីក្រុងស៊ីដនី កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ដែលមន្ត្រីអូស្ត្រាលីបានពិពណ៌នាថាជាការវាយប្រហារប្រឆាំងក្រុមជ្វីហ្វដែលត្រូវបានដាក់គោលដៅ។
ប្រទេសអូស្ត្រាលី បានជួបប្រទះការវាយប្រហារប្រឆាំងជ្វីហ្វជាបន្តបន្ទាប់លើវិហារជ្វីហ្វ អគារ និងរថយន្ត ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាក្នុងខែតុលា ឆ្នាំ២០២៣។