ប្លុកប្រទេសអាហ្វ្រិកខាងលិច(ECOWAS) កាលពីថ្ងៃអាទិត្យបានច្រានចោលកម្មវិធីផ្លាស់ប្តូរដែលបានប្រកាសដោយអ្នកគ្រប់គ្រងយោធារបស់ប្រទេសហ្គីណេ-ប៊ីសូ និងបានទាមទារឱ្យមានការត្រឡប់ទៅរកសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឲ្យបានឆាប់រហ័ស ដោយព្រមានអំពីការដាក់ទណ្ឌកម្មដែលត្រូវបានដាក់គោលដៅប្រឆាំងនឹងអ្នកដែលរារាំងដំណើរការនេះ។

មន្ត្រីយោធាប្រទេសហ្គីណេ-ប៊ីសូ ដែលតាំងខ្លួនឯងជាបញ្ជាការជាន់ខ្ពស់យោធា បានផ្តួលរំលំប្រធានាធិបតី លោក Umaro Sissoco Embalo កាលពីថ្ងៃទី២៦ ខែវិច្ឆិកា និងបានតែងតាំងឧត្តមសេនីយ៍ Horta Inta-a ជាប្រធានាធិបតីបណ្តោះអាសន្ននៅថ្ងៃបន្ទាប់។ រដ្ឋប្រហារនៅប្រទេសហ្គីណេ-ប៊ីសូ គឺជាលើកទី៩នៅអាហ្វ្រិកខាងលិច និងនៅអាហ្វ្រិកកណ្តាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដែលបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ ខណៈកំពុងទប់ទល់ទៅនឹងភាពអសន្តិសុខ និងអស្ថិរភាពនយោបាយដែលមានស្រាបប់រួចទៅហើយ។
មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចនៅរដ្ឋធានី Abuja ប្រទេសនីហ្សេរីយ៉ា បានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ជាបន្ទាន់ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រុមប្រឆាំង។

លោក Omar Touray ប្រធានគណៈកម្មការ អេកូវ៉ាស(ECOWAS) បាននិយាយថា «អ្វីដែលមេដឹកនាំ ECOWAS បានសម្រេចធ្វើ គឺត្រូវធានាបានថាគ្មានការអត់ឱនចំពោះការផ្លាស់ប្តូររដ្ឋាភិបាលដែលមិនស្របតាមរដ្ឋធម្មនុញ្ញ»។ សហភាពអាហ្វ្រិក និងសហគមន៍ប្រទេសនិយាយភាសាព័រទុយហ្គាល់បាននិយាយថា យោងតាម ECOWAS បានឲ្យដឹងថា ការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ត្រូវបានចាត់ទុកថាមានលក្ខណៈសេរី និងមានតម្លាភាពដោយអ្នកសង្កេតការណ៍របស់ខ្លួន។