កាលពីចុងសប្ដាហ៍នេះព្យុះបានរុញឲ្យមានការធ្លាក់ចុះសីតុណ្ហភាពត្រជាក់ក្រោមសូន្យ នៅក្នុងតំបន់ Midwest និងបង្កឲ្យមានព្រិលធ្លាក់ខ្លាំងលើផ្នែកមួយចំនួននៃតំបន់ Northeast កាលពីថ្ងៃអាទ្យ ១៤ធ្នូ ដែលបានបណ្ដាលឲ្យអាកាសយានដ្ឋានជាច្រើនពន្យារពេលជើងហោះហើរ និងផ្លូវរអិល ខណៈតំបន់ Pacific Northwest ត្រៀមទប់ទល់ការមកដល់នៃភ្លៀងធ្លាក់បន្ថែមទៀត ក្រោយទឹកជំនន់និងបំណាក់ដី ប៉ុន្មានថ្ងៃមកនេះ។

ពលរដ្ឋអាមេរិកប្រហែល៦៣លាននាក់ ស្ថិតក្រោមការណែនាំប្រុងប្រយ័ត្នពីអាកាសធាតុត្រជាក់ និងធ្លាក់ព្រិល ខណៈ១១លាននាក់ ស្ថិតក្រោមការព្រមានពីអាកាសធាតុត្រជាក់ខ្លាំង ពិសេសនៅក្នុងបណ្ដារដ្ឋឆ្នេរសមុទ្រ ជាទីដែលសីតុណ្ហភាពទាបបែបនេះកម្រកើតមាន។

ព្យុះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ និងបាននាំមកនូវព្រិលកម្រាស់ប៉ុន្មានអ៊ីញក្នុងតំបន់មានប្រជាជនរស់នៅច្រើនចាប់ពីទីក្រុង New York ដល់រដ្ឋ New Jersey ។ ព្រិលធ្លាក់តិចតួចបានគ្របដណ្ដប់លើផ្នែកមួយចំនួននៃរដ្ឋ New England ហើយគេរំពឹងថាការធ្លាក់ព្រិលនឹងធូរស្រាល ។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឲ្យដឹងថា មានជើងហោះហើរជាង១.០០០ជើង ត្រូវបានពន្យារពេល និងជាង១០០ ត្រូវបានលុបចោល នៅបណ្ដាអាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិក ដោយសារតែស្ថានភាពអាកាសធាតុនេះ ៕