ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ នេះ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ស្តីពីស្ថានភាពកម្ពុជា-ថៃ ដែលដំបូងឡើយត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ស្អែកនេះ ត្រូវបានលើកពេលទៅថ្ងៃទី២២ ខែធ្នូ វិញ (ថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ) តាមសំណើរបស់ថៃ។
ក្រសួងម៉ាឡេស៊ី បានបន្ថែមថា ការកោះប្រជុំពិសេស AMM នេះ គឺជាការតាមដានលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍រវាងកម្ពុជា-ថៃ៕
