ក្រសួងការបរទេស និងកិច្ចការជនបរទេសរបស់ហ្ស៊កដានីកាលពីថ្ងៃសៅរ៍ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារភេរវកម្ម ដែលកំណត់គោលដៅលើកងកម្លាំងសន្តិសុខស៊ីរី និងបុគ្គលិកអាមេរិក នៅជិតទីក្រុង Palmyra ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន។
ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានីបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងលោក Fouad Al-Majali បាននិយាយថា ហ្ស៊កដានីបដិសេធគ្រប់ទម្រង់នៃអំពើហិង្សា និងភេរវកម្ម ដែលមានបំណងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាព ដោយបង្ហាញពីសាមគ្គីភាពពេញលេញរបស់ព្រះរាជាណាចក្រនេះ ជាមួយស៊ីរី និងសហរដ្ឋអាមេរិក។

លោក Al-Majali បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ហ្ស៊កដានីចំពោះកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់ប្រទេសស៊ីរីនូវគ្រឹះដែលរក្សាបូរណភាពទឹកដី អធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពរបស់ប្រទេសនេះ ខណៈពេលដែលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការពារសិទ្ធិរបស់ប្រជាជនស៊ីរីទាំងអស់។
លោកក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្ររបស់ហ្ស៊កដានីចំពោះរដ្ឋាភិបាល និងប្រជាជនស៊ីរី និងសហរដ្ឋអាមេរិក ក៏ដូចជាដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយ៕
