លោក Jose Antonio Kast ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសឈីលី បាននិយាយថា ប្រទេសរបស់លោកប្រឈមនឹងឆ្នាំដ៏ស្មុកស្មាញមួយ នាពេលខាងមុខ ប៉ុន្តែបានប្តេជ្ញាថា នឹងធ្វើការលើ «ការស្តារច្បាប់ និងសណ្តាប់ធ្នាប់ឡើងវិញ» នៅក្នុងសាធារណរដ្ឋនេះ។
លោក Kast បានថ្លែងសុន្ទរកថាដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតីឈីលីថា៖«យើងនឹងមានឆ្នាំដ៏លំបាកមួយ ពីព្រោះស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស គឺមិនល្អ»។
លោកបានលើកឡើងថា៖«ប៉ុន្តែលទ្ធផលទំនងជាមិនលេចឡើងនៅថ្ងៃបន្ទាប់ទេ»។ «យើងនឹងត្រូវការការតស៊ូ កម្លាំង និងប្រាជ្ញា ដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់»។
លោកប្រធានាធិបតីឈីលីដែលទើបជាប់ឆ្នោតថ្មីរូបនេះ បានបន្ថែមថា៖«វានឹងក្លាយជាការចាប់ផ្តើមនៃការផ្លាស់ប្តូរសម្រាប់ប្រជាជនឈីលី ដែលត្រូវការសាមគ្គីភាព»។
គណៈកម្មការរៀបចំការបោះឆ្នោតឈីលី បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា អ្នកនយោបាយអភិរក្សនិយមប្រឆាំង លោក Jose Antonio Kast បានឈ្នះជុំទី ២ នៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។

យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា លោក Kast ទទួលបានសំឡេងគាំទ្រ ៥៨,៦១% ខណៈដែលគូប្រជែងសំខាន់របស់ខ្លួន គឺលោក Jeannette Jara ទទួលបានសំឡេងគាំទ្រ ៤១,៣៩% បន្ទាប់ពីការរាប់សន្លឹកឆ្នោតដោយផ្អែកលើលទ្ធផលដែលផ្តល់ដោយការិយាល័យបោះឆ្នោតចំនួន ៨៣,៤៣%។
នៅថ្ងៃទី ១៤ ខែធ្នូ ប្រទេសឈីលី បានរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា។
នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន លោក Kast បានតស៊ូមតិឲ្យកាត់បន្ថយអន្តរាគមន៍របស់រដ្ឋាភិបាលលើសេដ្ឋកិច្ច និងវិធានការតឹងរ៉ឹងជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអន្តោ ប្រវេសន៍ខុសច្បាប់។ លោកក៏បានប្តេជ្ញាថា នឹងបន្ថយអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងសាងសង់របងនៅតាមព្រំដែនជាមួយប្រទេសបូលីវី៕
