ក្រុមកសិករនៅប្រទេសក្រិក កាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) បានបដិសេធសំណើចរចារបស់រដ្ឋាភិបាល ដោយប្ដេជ្ញាថា នឹងបង្កើនការតវ៉ាឱ្យកាន់តែក្ដៅគគុក ខណៈភាពតានតឹង បានរំខានដល់ចរាចរណ៍នៅទូទាំងប្រទេស នៅក្នុងសប្តាហ៍ទីបីហើយ។
ការសម្រេចបដិសេធចរចានេះ ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំទូទាំងប្រទេសរបស់តំណាងកសិករ ដែលបាននិយាយថា ពួកគេនឹងស្នើឡើងនូវបញ្ជីទាមទាររបស់ពួកគេជាមុនសិន ហើយនឹងចូលរួមក្នុងការសន្ទនា បន្ទាប់ពីបានចម្លើយជាក់ស្តែងពីរដ្ឋាភិបាល។

បាតុកម្មដែលបានបិទផ្លូវហាយវេ ច្រកព្រំដែន និងកំពង់ផែទូទាំងប្រទេសក្រិក ត្រូវបង្កឡើង ដោយការពន្យារពេលមូលនិធិឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប។ កសិករក៏កំពុងទាមទារឱ្យមានការគាំទ្រពីរដ្ឋ សម្រាប់កំណើនថ្លៃចំណាយលើផលិតកម្ម ការខាតបង់ដោយសារជំងឺសត្វពាហនៈ ការខូចខាតដោយសារអាកាសធាតុ និងបញ្ហារចនាសម្ព័ន្ធជាដើម។
ការស្ទង់មតិសាធារណៈបង្ហាញថា ប្រជាជនក្រិកភាគច្រើនមើលឃើញថា ការទាមទាររបស់កសិករ ជារឿងសមស្រប ប៉ុន្តែមនុស្សជាច្រើនក៏បានប្រឆាំងនឹងការតវ៉ាបិទផ្លូវទាំងនោះផងដែរ។ ដោយសារបាតុកម្មនៅតែបន្តរហូតដល់រដូវកាលបុណ្យណូអែល ក្តីបារម្ភកំពុងកើនឡើងលើផលប៉ះពាល់នៃការធ្វើដំណើរ ទេសចរណ៍ និងពាណិជ្ជកម្មនៅទូទាំងប្រទេស៕

