សេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទ (១៥ ធ្នូ) នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឱ្យក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) សម្រេចចុងក្រោយនូវកិច្ចចរចាដ៏យូរលង់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដោយសង្កត់ធ្ងន់ថា ភាពបន្ទាន់គឺដោយសារតែកំណើននិន្នាការគាំពារនិយម និងឯកតោភាគីនិយម ខណៈពាណិជ្ជកម្មសេរី កំពុងរងការវាយប្រហារ។

លោក Wang កំពុងបំពេញទស្សនកិច្ចបីប្រទេសនៅមជ្ឈិមបូព៌ា ដែលចាប់ផ្តើមនៅអារ៉ាប់រួម ហើយរំពឹងថានឹងបញ្ចប់នៅហ្ស៊កដានី។ លោកបានជួបជាមួយអគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ រួមទាំងជំនួបដោយឡែកជា មួយមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអ៊ូឌីតផងដែរ។
យោងតាមក្រសួងការបរទេសចិន បានឱ្យដឹងថា អំឡុងពេលជួបជាមួយប្រធានក្រុមប្រឹក្សា GCC លោក Wang បានលើកឡើងថា៖ កិច្ចចរចា (លើពាណិជ្ជកម្មសេរី) នេះមានរយៈពេលជាង ២០ឆ្នាំមកហើយ ហើយលក្ខខណ្ឌសម្រាប់គ្រប់ទិដ្ឋភាពទាំងអស់គឺមានភាពសមស្របជាមូលដ្ឋាន ដូច្នេះ គួរតែដល់ពេលហើយដែលត្រូវធ្វើការសម្រេចចុងក្រោយ។
លោក Wang បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលជោគជ័យមួយ នឹងផ្ញើ «សញ្ញាដ៏រឹងមាំទៅកាន់ពិភពលោក អំពីការការពារពហុភាគីនិយម» ដោយបន្ថែមថា ចិនគាំទ្រដល់ប្លុកនេះក្នុងការពង្រឹងស្វ័យភាព និងការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងជំរុញដំណើរការធ្វើសមាហរណកម្មផងដែរ៕

