កងទ័ពជើងទឹករបស់ប្រទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះថា កងទ័ពជើងទឹកប៉ាគីស្ថាន បានបាញ់មីស៊ីលពីដីទៅអាកាសរយៈចម្ងាយឆ្ងាយដោយជោគជ័យនៅសមុទ្រអារ៉ាប់ខាងជើង។

យោងតាមផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវា(ISPR) ជាផ្នែកនៃប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពជើងទឹកប៉ាគីស្ថានបានឲ្យដឹងថា នាវាកងទ័ពជើងទឹកប៉ាគីស្ថាន បានចូលរួមធ្វើសមយុទ្ធវាយប្រហារគោលដៅតាមអាកាសយ៉ាងមានប្រសិទ្ធភាពក្នុងអំឡុងការបង្ហាញអាវុធ ដោយបញ្ជាក់ជាថ្មីពីសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម និងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើង។
មេបញ្ជាការកងនាវាប៉ាគីស្ថាន លោកឧត្តមនាវីឯក Abdul Munib បានពិនិត្យការបាញ់មីស៊ីលពិតនៅសមុទ្រនៅលើនាវារបស់កងទ័ពជើងទឹកប៉ាគីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍។ លោកមេបញ្ជាការ បានសរសើរមន្ត្រី និងទាហានដែលពាក់ព័ន្ធក្នុងវិជ្ជាជីវៈខ្ពស់ ការលះបង់ និងសមត្ថភាពប្រតិបត្តិការរបស់ពួកគេ ។
