តម្លៃប្រេងទទួលបានកំណើននៅថ្ងៃចន្ទ (១៥ ធ្នូ) នេះ ខណៈការរំខានដល់ការផ្គត់ផ្គង់ទាក់ទងនឹងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា កាន់តែកើនឡើង ដែលធ្ងន់ធ្ងរលើសពីក្ដីបារម្ភនៃការផ្គត់ផ្គង់លើសចំណុះ និងផលប៉ះពាល់នៃលទ្ធភាពកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។
សន្ទស្សន៍របស់ប្រេងឆៅ Brent បានកើនឡើង ៣៣សេន ឬ ០,៥៤% នៅត្រឹម ៦១,៤៥ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៤:២៩ នាទីព្រឹកព្រលឹមថ្ងៃចន្ទនេះ ហើយប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក មានតម្លៃ ៥៧,៧៥ ដុល្លារក្នុងមួយបារ៉ែល ជាកំណើន ៣១ សេន ឬ ០,៥៤%។

សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បាននិយាយថា៖ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរទៅមករវាងសុទិដ្ឋិនិយម និងការប្រុងប្រយ័ត្ន ខណៈភាពតានតឹងរវាងវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក បន្តកើនឡើង ដែលបង្កើនក្ដីបារម្ភអំពីលទ្ធភាពនៃការរំខានផ្នែកផ្គត់ផ្គង់។
យោងតាមទិន្នន័យដឹកជញ្ជូន ឯកសារ និងប្រភពផ្លូវសមុទ្របានឱ្យដឹងថា ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងមួយគ្រឿងកាលពីដើមសប្តាហ៍មុន និងបានដាក់ទណ្ឌកម្មថ្មីៗលើក្រុមហ៊ុនដឹកជញ្ជូន និងនាវាដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផលិតប្រេងរបស់ប្រទេសអាមេរិកឡាទីនមួយនេះ៕

