បន្ទាប់ពីមានការបាញ់ប្រហារសម្លាប់មនុស្សច្រើនដ៏អាក្រក់បំផុតរបស់ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៩៦ រដ្ឋាភិបាលបានចំណាយពេល ១២ថ្ងៃ ដើម្បីហាមឃាត់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ រៀបចំកម្មវិធីទិញកាំភ្លើងមកវិញ និងដាក់ចេញប្រព័ន្ធអាជ្ញាប័ណ្ណ ដើម្បីដកចេញនូវបុគ្គលដែលត្រូវបានចាត់ទុកថា មិនស័ក្តិសមកាន់កាប់អាវុធ។
ការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ (ទី១៤ ខែធ្នូ) នៅឯកន្លែងប្រារព្ធពិធីរបស់ជនជាតិជ្វីហ្វ នៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៥នាក់ស្លាប់ ក្នុងនោះមានខ្មាន់កាំភ្លើងម្នាក់ផងដែរ ក្នុងចំណោមជនដៃដល់ ២នាក់ បានបង្កឲ្យមានជាសំណួរថា តើច្បាប់គ្រប់គ្រងកាំភ្លើងរបស់ប្រទេសអូស្ត្រាលី ដែលស្ថិតក្នុងចំណោមច្បាប់ដ៏តឹងតែងបំផុតរបស់ពិភពលោកនោះ នៅតែមានប្រសិទ្ធភាពតាមគោលដៅដែរ ឬយ៉ាងណា។

លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា លោកនឹងស្នើឲ្យគណៈរដ្ឋមន្ត្រីពិចារណាលើការកំណត់ចំនួនអាវុធដែលត្រូវបានអនុញ្ញាតដោយអាជ្ញាប័ណ្ណកាន់កាប់កាំភ្លើង និងរយៈពេលដែលអាជ្ញាប័ណ្ណគួរមានសុពលភាព។
ខណៈដែលនគរបាលបានតាមដាននូវអ្វីដែលពួកគេហៅថា ជាការវាយប្រហារភេរវកម្មនោះ លោក Albanese បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា៖ «មនុស្សអាចប្រែប្រួល។ មនុស្សអាចត្រូវបានបញ្ចូលមនោគមន៍វិជ្ជាជ្រុលនិយម។ ដូច្នេះ អាជ្ញាប័ណ្ណមិនគួរមានសុពលភាពរហូតឡើយ»។
គួរបញ្ជាក់ថា ប្រព័ន្ធកាន់កាប់កាំភ្លើងរបស់ប្រទេសអូស្ត្រាលី ត្រូវបានលើកឡើងយ៉ាងទូលំទូលាយថា ជួយឲ្យអត្រាឃាតកម្មដោយកាំភ្លើងស្ថិតក្នុងកម្រិតទាបបំផុត។ តែវិទ្យាស្ថានស្រាវជ្រាវអូស្ត្រាលី បានឲ្យដឹងកាលពីដើមឆ្នាំនេះថា ចំនួនកាំភ្លើងកាន់កាប់ដោយស្របច្បាប់ បានកើនឡើងជាលំដាប់ ក្នុងរយៈពេលជាង២ទសវត្សរ៍ ហើយឥឡូវនេះ ជាមួយនឹងចំនួន ៤លានដើម លើសពីកម្រិត នៅមុនការបង្ក្រាបឆ្នាំ១៩៩៦៕


