បើយោងតាមលទ្ធផលបឋម បានបង្ហាញថា បេក្ខជនស្តាំនិយមជ្រុល លោក Jose Antonio Kast មកពីគណបក្សសាធារណរដ្ឋ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសឈីលី កាលពីថ្ងៃអាទិត្យ (ទី១៤ ខែធ្នូ) ដោយធ្វើឲ្យលោកក្លាយជាមេដឹកនាំទី៣៨ របស់ប្រទេសនេះ។
យោងតាមស្ថាប័នបោះឆ្នោតរបស់ឈីលី ដោយសន្លឹកឆ្នោត ៩៩,៣៣ភាគរយត្រូវបានរាប់ បានឲ្យដឹងថា លោក Kast ទទួលបានសំឡេង ៥៨,១៨ភាគរយ ធៀបនឹង ៤១,៨២ភាគរយរបស់លោកស្រី Jeannette Jara ជាបេក្ខជននៃក្រុមចម្រុះឆ្វេងនិយមដែលកំពុងកាន់អំណាចរបស់ឈីលី។

លោកស្រី Jara បានទទួលស្គាល់ការបរាជ័យ ហើយបានអបអរសាទរលោក Kast តាមបណ្តាញសង្គម។ ប្រធានាធិបតីបច្ចុប្បន្ន លោក Gabriel Boric ក៏បានអបអរចំពោះជ័យជម្នះរបស់បេក្ខជនស្ដាំនិយមជ្រុលរូបនេះផងដែរ។ លោក Kast វ័យ ៥៩ឆ្នាំ នឹងចូលកាន់តំណែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ការបោះឆ្នោតជុំទី២ នេះ បានកើតឡើងបន្ទាប់ពីបញ្ចប់ដំណើរការជុំទី១ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ដែលកលោក Kast និងលោកស្រី Jara បានក្លាយជាបេក្ខជននាំមុខគេ ៣រូប។ ប្រធានាធិបតីមានអាណត្តិរយៈពេល ៤ឆ្នាំ ហើយរដ្ឋធម្មនុញ្ញឈីលី ហាមឃាត់ប្រធានាធិបតីមិនឲ្យស្វែងរកការជាប់បោះឡើងវិញភ្លាមៗឡើយ៕
