ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រលយពាក្យថា គណបក្សសាធារណរដ្ឋ អាចចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ ទោះបីជាបានលើកឡើងពី «ការមានសេដ្ឋកិច្ចដ៏ល្អប្រសើរបំផុត ក្នុងប្រវត្តិសាស្ត្រ» នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Wall Street Journal (Journal) ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូក៏ដោយ។
មេដឹកនាំខាងបក្សសាធារណរដ្ឋ ដែលបានវិលត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញកាលពីខែមករា បានទទូចជាប់ជានិច្ចថា សេដ្ឋកិច្ចអាមេរិក ឥឡូវនេះ កំពុងរីកចម្រើន ខណៈដែលលោកបន្តបន្ទោសអ្នកស្នងតំណែងមុនខាងគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden ពាក់ព័ន្ធនឹងអតិផរណា។

អំឡុងបទសម្ភាសន៍ដែលសារព័ត៌មាន Journal បានធ្វើឡើងកាលពីថ្ងៃទី១២ ខែធ្នូ ក្នុងការិយាល័យប្រធានាធិបតី Oval Office លោក Trump បាននិយាយថា៖ «ខ្ញុំបានបង្កើតនូវសេដ្ឋកិច្ចដ៏ល្អប្រសើរបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែវាប្រហែលជាចំណាយពេលបន្តិច ដើម្បីឲ្យមនុស្សទាំងអស់យល់ពីរឿងនេះ»។
លោកបានបន្តថា៖ «ប្រាក់ទាំងអស់នេះដែលហូរចូលប្រទេសរបស់យើង កំពុងសាងសង់នូវអ្វីៗជាច្រើន នាពេលនេះ ដូចជារោងចក្ររថយន្ត AI (បញ្ញាសិប្បនិម្មិត) និងរបស់របរជាច្រើនទៀត។ ខ្ញុំមិនអាចប្រាប់អ្នក អំពីថា តើវានឹងមានឥទ្ធិពលលើអ្នកបោះឆ្នោតយ៉ាងណានោះទេ តែអ្វីដែលខ្ញុំអាចធ្វើបាន គឺបំពេញការងាររបស់ខ្ញុំ»។
ដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ កាន់តែជិតលេចឡើង លោក Trump បានសង្កត់ធ្ងន់ថា «តម្លៃទំនិញមានភាពល្អប្រសើរ»។ អតីតអ្នកអភិវឌ្ឍអចលនទ្រព្យរូបនេះ បានប្រាប់សារព័ត៌មាន Journal បន្ថែមថា៖ «ទោះមានសមិទ្ធផលទាំងនោះក៏ដោយ អ្នកដឹងទេ ក្នុងនាមជាប្រធានាធិបតីដ៏ជោគជ័យ នៅតែត្រូវជួបនឹងបញ្ហាលំបាក។ យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង។ យើងគួរតែឈ្នះ។ ប៉ុន្តែអ្នកដឹងទេ តាមស្ថិតិ វាពិបាកឈ្នះណាស់។ មែនហើយ វាមិនប្រាកដប្រជាឡើយ»៕

