ប្រមុខការទូតរបស់ប្រទេសហុងគ្រី និងប៉ូឡូញ គឺលោក Peter Szijjarto និងលោក Radosіaw Sikorski បានជជែកដេញដោលគ្នាជាសាធារណៈនៅលើបណ្តាញសង្គម X ជុំវិញការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក។
លោក Sikorski បានសរសេរជាការឆ្លើយតបទៅនឹងការបង្ហោះរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុបក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយមិនពិគ្រោះជាមួយហុងគ្រី គឺរំលោភលើច្បាប់ជាច្រើន និងជា «ការប្រកាសសង្គ្រាម»។

ការអត្ថាធិប្បាយរបស់លោក Sikorski បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ដោយលោក Szijjarto បានឆ្លើយតបថា៖«យើងយល់ថា អ្នកពិតជាចង់បានសង្គ្រាមរុស្ស៊ីទល់នឹងអឺរ៉ុប! យើងនឹងមិនអនុញ្ញាតឲ្យខ្លួនយើងត្រូវបានអូសចូលទៅក្នុងសង្គ្រាមរបស់អ្នកទេ!!»។
ក្រោយមក រដ្ឋមន្ត្រីការបរទេសប៉ូឡូញបានបង្ហោះសារមួយទៀតទៅកាន់សមភាគីហុងគ្រីរបស់លោក ដោយនិយាយថា ទីក្រុងប៊ុយដាប៉េសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររុស្ស៊ីម្តងទៀត៕
