ស្វីស៖ អង្គការសុខភាពពិភពលោកបានអំពាវនាវ ដល់ប្រទេសនានាកាលពីថ្ងៃច័ន្ទ កុំឲ្យផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង បន្ទាប់ពីបណ្ដាប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសមួយនៅអាស៊ីបានចូលរួមផ្អាក ការប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស COVID-19 របស់ក្រុមហ៊ុន AstraZeneca ក្នុងចំនួនតិចតួចដោយសារការព្រួយបារម្ភពីសុវត្ថិភាព។
ប្រទេសថៃបានប្រកាសពីផែនការនានាកាលពីថ្ងៃច័ន្ទ ដើម្បីបន្តការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន រួមសហការផលិតរវាងអង់គ្លេស និងស៊ុយអ៊ែត ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ខ្លួននឹងរង់ចាំមើលស្ថានការណ៍សិន បន្ទាប់ពីប្រទេសអៀរឡង់ និងហូឡង់បានប្រកាសផ្អាកកាលពីថ្ងៃអាទិត្យ។ អាល្លឺម៉ង់កាលពីថ្ងៃច័ន្ទបានប្រកាសថា ខ្លួននឹងផ្អាកការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca តាមការណែនាំរបស់វិទ្យាស្ថាន Paul Ehrlich ដែលជាអាជ្ញាធរទទួលបន្ទុកការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។ ប្រទេសបារាំង និងអ៊ីតាលីក៏បានសម្រេចចិត្ត ផ្អាកដំណើរការចាក់វ៉ាក់សាំងនេះផងដែរ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា បារាំងនឹងផ្អាកប្រើវ៉ាក់សាំងដោយរង់ចាំ ការវាយតំលៃពីនិយតកររបស់សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បាននិយាយថា លោកបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំង បន្ទាប់ពីមានការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់លោក។ ប្រទេសដាណឺម៉ាក និងន័រវែសបានរាយការណ៍ករណីដាច់ដោយឡែក ពីការហូរឈាម ឈាមកកក្នុងសរសៃឈាម និងចំនួនផ្លាកែតទាបបន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca។ ប្រទេសអ៊ីស្លង់ និងប៊ុលហ្គារីបានផ្អាកការប្រើប្រាស់របស់ខ្លួន ខណៈដែលអូទ្រីសបានឈប់ប្រើវ៉ាក់សាំងនេះជាច្រើនវគ្គ៕
អត្ថបទ៖ សុខមាន