ការតវ៉ាថ្ងៃទី៦ ដែលអំពាវនាវឲ្យមានប្រព័ន្ធតុលាការដ៏ស្អាតស្អំមួយ នៅប្រទេសរ៉ូម៉ានី ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានដើរតាមដងផ្លូវនៃរដ្ឋធានី Bucharest និងទីក្រុងផ្សេងទៀត កាលពីថ្ងៃអាទិត្យ ដើម្បីគាំទ្រចៅក្រម និងរដ្ឋអាជ្ញាដែលបរិហារការរំលោភបំពានជាប្រព័ន្ធ។
ចៅក្រម និងរដ្ឋអាជ្ញារ៉ូម៉ានីប្រហែល ៧០០នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយនៅលើបណ្ដាញសង្គមដែលត្អូញត្អែរ អំពី «បញ្ហារំខានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ» នៅក្នុងប្រព័ន្ធយុត្តិធម៌។
លោកប្រធានាធិបតី Nicusor Dan បានឆ្លើយតបដោយប្រកាសថា លោកនឹងពិគ្រោះយោបល់ជាមួយសមាជិករបស់តុលាការ នៅថ្ងៃទី២២ ខែធ្នូ ដោយបញ្ជាក់ថា នៅពេលដែលចៅក្រមជាច្រើនរូប បានត្អូញត្អែរ អំពី «បញ្ហាសុចរិតភាពនៅក្នុងប្រព័ន្ធយុត្តិធម៌ អ្វីៗគឺធ្ងន់ធ្ងរណាស់»។

លិខិតនេះ បានមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Recorder បានចាក់ផ្សាយនូវភាពយន្តឯកសារកាលពីសប្តាហ៍មុន ដែលបានចោទប្រកាន់ថា ប្រធានចៅក្រមដែលត្រូវបានគាំទ្រផ្នែកនយោបាយ ប្រើប្រាស់ភាពឆកល្វែងក្នុងប្រព័ន្ធច្បាប់ ដើម្បីប្រព្រឹត្តអំពើមិនត្រឹមត្រូវ ក្នុងនោះរួមទាំងការលើកលែងទោសដ៏គួរឲ្យសង្ស័យផងដែរហើយថា ចៅក្រម ឬរដ្ឋអាជ្ញាដែលបង្ហាញការមិនពេញចិត្ត ជារឿយៗប្រឈមនឹងវិធានការវិន័យ។
ចៅក្រមនៃស្ថាប័នឃ្លាំមើលប្រព័ន្ធតុលាការរបស់រ៉ូម៉ានី បានលើកឡើងថា ភាពយន្តឯកសារនេះ គឺជាការប៉ុនប៉ងធ្វើឲ្យប្រព័ន្ធយុត្តិធម៌មានអស្ថិរភាព៕
