ស៊ីរី បានចាប់ខ្លួនមនុស្ស ៥នាក់ដែលសង្ស័យថាមានការជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ទាហានសហរដ្ឋអាមេរិក និងទាហានស៊ីរី នៅទីក្រុងភាគកណ្តាល Palmyra កាលពីថ្ងៃសៅរ៍ ។ នេះបើយោងតាមការអះអាងរបស់ក្រសួងមហាផ្ទៃស៊ីរី កាលពីថ្ងៃអាទិត្យ ។
ក្រសួងមហាផ្ទៃស៊ីរី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គភាពរបស់ពួកយើង បានចុះប្រតិបត្តិការសន្តិសុខនៅទីក្រុង Palmyra បន្ទាប់ពីការវាយប្រហារភេរវកម្ម ធ្វើឡើងដោយបុគ្គលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម ។

យោធាអាមេរិកនិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្កោលទោសការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិក ២នាក់ និងអ្នកបកប្រែស៊ីវិលម្នាក់កាលពីថ្ងៃសៅរ៍ ពេលដែលជនវាយប្រហាររដ្ឋអ៊ិស្លាមសង្ស័យ មានគោលដៅលើក្បួនរថយន្តរបស់កងកម្លាំងអាមេរិក និងកងកម្លាំងស៊ីរី ។
មន្រ្តីក្នុងស្រុក ៣នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជនវាយប្រហារគឺជាសមាជិករបស់កងកម្លាំងសន្តិសុខស៊ីរី ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី និយាយប្រាប់ទូរទស្សន៍រដ្ឋថា បុរសម្នាក់នោះ ពុំមានតួលនាទីក្នុងកងកម្លាំងសន្តិសុខនោះទេ ។
ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក និយាយថា ទាហានសហរដ្ឋអាមេរិក ៣នាក់ បានរងរបួសផងដែរនៅក្នុងការវាយប្រហារនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ ទីបញ្ជាការកណ្តាលអាមេរិកនិយាយថា ការវាយប្រហារដែលធ្វើឡើងដោយខ្មាន់កាំភ្លើងតែម្នាក់ឯងនេះ បានកើតឡើង ពេលដែលទាហានចូលរួមអន្តរកម្មជាមួយអ្នកដឹកនាំសំខាន់ៗនៅទីក្រុងភាគកណ្តាល Palmyra របស់ប្រទេសស៊ីរី ៕
