ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នៅថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ បានលើកឡើងថា សកម្មភាពនៅតំបន់នានា លើកោះស៊ូម៉ាត្រាដែលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ អាចនឹងវិលទៅរកភាពប្រក្រតីឡើងវិញ ក្នុងរយៈពេលពី ២ ទៅ ៣ ខែបន្ទាប់ បន្ទាប់ពីគ្រោះមហន្តរាយនេះ បានឆក់យកជីវិតមនុស្សជាង ១.០០០នាក់យ៉ាងតិច។
បើយោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យមនុស្សទៅជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស នៅលើកោះស៊ូម៉ាត្រា កាលពីចុងខែវិច្ឆិកា បានកើនឡើងដល់ ១.០៣០នាក់ គិតត្រឹមថ្ងៃទី១៥ ខែធ្នូនេះ ហើយមនុស្ស ២០៦នាក់ នៅតែបាត់ខ្លួន។ ព្យុះនេះក៏បានបណ្ដាលឲ្យមនុស្សប្រហែល ២០០នាក់ស្លាប់ នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ី។

នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែធ្នូនេះ លោក Prabowo បានប្រាប់ថា ការកសាងឡើងវិញ នៅក្នុងខេត្តដែលរងផលប៉ះពាល់ចំនួន ៣ កំពុងដំណើរការរួចហើយ ដោយលោកបានបន្ថែមថា លោកបានសុំអភ័យទោសរួចហើយ ព្រោះអាជ្ញាធរមិនអាចបញ្ចប់ដំណើរការជាក់ស្តែង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃបានឡើយ។
លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមិនមានវេទមន្តពិសេសនោះឡើយ។ យើងមិនអាចបញ្ចប់វា ក្នុងរយៈពេលត្រឹមតែ ៣-៥ថ្ងៃបានទេ។ ប្រហែលជាក្នុង ២-៣ខែខាងមុខ សកម្មភាពនឹងវិលមកធម្មតាវិញហើយ»។
ជាមួយគ្នានេះ លោក Prabowo ក៏បានឲ្យដឹងផងដែរថា ឆាប់ៗនេះ អាជ្ញាធរនឹងសាងសង់ផ្ទះបណ្តោះអាសន្នរាប់រយខ្នង សម្រាប់អ្នកជម្លៀសខ្លួនដោយសារគ្រោះមហន្តរាយនេះ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានប្រាប់ថា ការកសាងឡើងវិញនៅលើកោះស៊ូម៉ាត្រា ត្រូវបានគេរំពឹងថា នឹងចំណាយយ៉ាងហោចណាស់ ៣,១១ពាន់លានដុល្លារអាមេរិក៕

