សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ បានពង្រីកការដាក់ទណ្ឌកម្មរបស់ខ្លួន លើរបបរបស់ប្រទេសបេឡារុស ដើម្បីរួមបញ្ចូលសកម្មភាពដែលត្រូវបានគេមើលឃើញថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសន្តិសុខទាំងមូល នៅក្នុងរដ្ឋជាសមាជិក។
ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីមានការលុកលុយចូលទៅក្នុងដែនអាកាសរបស់ប្រទេសលីទុយអានី ដោយបាឡុងឧតុនិយមពីបេឡារុស ដែលបានរំខានចរាចរណ៍ផ្លូវអាកាសម្តងហើយម្តងទៀត ក្នុងប៉ុន្មានខែថ្មីៗនេះ។

ក្រុមប្រឹក្សា EU បានឲ្យដឹងថា៖ «លក្ខណៈវិនិច្ឆយថ្មីនេះ នឹងអនុញ្ញាតឲ្យ EU ដាក់វិធានការរឹតត្បិតប្រឆាំងនឹងអ្នកដែលមានគម្រោង ដឹកនាំ ចូលរួមគាំទ្រ ឬសម្របសម្រួលការក្លែងបន្លំ និងការជ្រៀតជ្រែកព័ត៌មានបរទេស»។ ក្រុមប្រឹក្សាបានបន្ថែមថា៖ «EU ក៏នឹងអាចកំណត់គោលដៅផងដែរ លើការចូលដោយគ្មានការអនុញ្ញាតក្នុងដែនដីនៃរដ្ឋជាសមាជិកមួយ»។
គួរបញ្ជាក់ថា លីទុយអានី កាលពីសប្តាហ៍មុន បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបានស្នើឲ្យសភាអនុញ្ញាតឲ្យមានការគាំទ្រផ្នែកយោធា សម្រាប់នគរបាល និងឆ្មាំព្រំដែន បន្ទាប់ពីមានបាឡុងរត់ពន្ធពីបេឡារុស បានរំខានចរាចរណ៍ផ្លូវអាកាសម្តងហើយម្តងទៀត។ បេឡារុសបានបដិសេធមិនទទួលខុសត្រូវចំពោះបាឡុងទាំងនោះ ហើយបានចោទប្រទេសលីទុយអានីថា បានបង្កហេតុ៕
