អគ្គីភ័យបានឆាបឆេះផ្សារលក់ដុំដ៏ធំបំផុតរបស់ទីក្រុងហ្សាការតា ឈ្មោះ Kramat Jati នៅភាគខាងកើតទីក្រុងហ្សាការតា នៅព្រឹកថ្ងៃចន្ទ (ទី១៥ ខែធ្នូ) នេះ ដោយបានបំផ្លាញតូបរាប់រយ និងបានជំរុញឲ្យអភិបាលក្រុង លោក Pramono Anung បញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ស្របពេលមានការត្រួតពិនិត្យឡើងវិញនូវស្តង់ដារសុវត្ថិភាពអគ្គិភ័យរបស់រដ្ឋធានីនៃឥណ្ឌូនេស៊ីមួយនេះ។
យោងតាមសារព័ត៌មាន Tempo បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡើង នៅវេលាម៉ោងប្រហែល ៧ និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅហាងលក់ទំនិញប្លាស្ទិក និងខ្សែពួរ ហើយបានរាលដាលយ៉ាងលឿនទៅតូបនៅជុំវិញ ដែលភាគច្រើនត្រូវបានសាងសង់ឡើង ដោយសម្ភារៈបណ្ដោះអាសន្នពាក់កណ្ដាល នៅក្នុងផ្សារលក់ដុំដ៏ធំបំផុតរបស់ទីក្រុងហ្សាការតានេះ។

ខ្យល់បក់ខ្លាំងនាពេលនោះ បានធ្វើឲ្យការឆាបឆេះរាលដាលកាន់តែលឿន។ អ្នកលក់ និងអ្នកនៅក្បែរនោះបាននាំគ្នារត់ចេញដោយភ័យស្លន់ស្លោ ខណៈដែលមានផ្សែងក្រាស់ឃ្មឹកហុយពេញផ្សារ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់របស់ទីក្រុងហ្សាកាតា សម្រាប់ការចែកចាយផ្លែឈើ និងបន្លែ ដោយការផ្ទុះយ៉ាងតិចចំនួន ២ ត្រូវបានគេរាយការណ៍ថា ត្រូវបានឮនៅពេលនោះ។
រថយន្តពន្លត់អគ្គិភ័យ ១៩គ្រឿង និងបុគ្គលិកប្រហែល ៨០នាក់ មកពីទីភ្នាក់ងារពន្លត់អគ្គិភ័យ និងជួយសង្គ្រោះទីក្រុងហ្សាការតា (Gulkarmat) ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដោយមាននគរបាលជួយជម្លៀស និងគ្រប់គ្រងចរាចរណ៍ ហើយក្រុមគ្រូពេទ្យត្រៀមចាំ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានគ្រប់គ្រងអណ្ដាតភ្លើងបាន ក្នុងរង្វង់រយៈពេលមួយម៉ោង។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយទីក្រុងហ្សារកាតា (BPBD) បានឲ្យដឹងថា ការរកឃើញបឋម បានបង្ហាញថា ទុស្សេរខ្សែភ្លើង អាចជាមូលហេតុដែលអាចបណ្តាលឲ្យមានអគ្គិភ័យនេះ៕
