នៅថ្ងៃចន្ទនេះ សីតុណ្ហភាព បានធ្លាក់ចុះរហូតដល់-៤៥អង្សាសេនៅទីក្រុង Yakutsk របស់រុស្ស៊ីដែលជាទីក្រុងត្រជាក់ជាងគេបំផុតនៅលើពិភពលោក ។
ទីក្រុងមានពលរដ្ឋរស់នៅ ៣០ម៉ឺននាក់នេះ គឺជារដ្ឋធានីរបស់សាធារណៈរដ្ឋ Sakha ស្ថិតនៅតំបន់ភាគខាងកើតស៊ីបេរីរបស់រុស្ស៊ី ។
ទីក្រុង Yakutsk ត្រូវបានគេចាត់ទុកថាជាទីក្រុងធំត្រជាក់ជាងគេបំផុតរបស់ពិភពលោក ។ នៅថ្ងៃចន្ទនេះ សីតុណ្ហភាពត្រជាក់បំផុតជាប់កំណត់ត្រា ត្រូវបានរកឃើញនៅតាមតំបន់របស់រុស្ស៊ី ក្នុងនោះសីតុណ្ហភាពធ្លាក់ចុះរហូតដល់ -៥២អង្សាសេនៅស្រុក Tatinsky Ulus ។
អ្នកស្រី Motryona Starostina ដែលជាអាជីវករលក់ត្រីមួយរូបនៅទីក្រុង Yakutsk ចាំបានពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -៥៥អង្សាសេ ។
អ្នកស្រី Starostina និយាយថា អ្នកត្រូវការស្លៀកពាក់ឲ្យបានត្រឹមត្រូវ ផឹកទឹកតែក្តៅឲ្យបានញឹកញាប់ ពេលដែលអ្នកចេញក្រៅ ។ ពួកយើងតែងតែមានបំពង់ទឹកក្តៅនៅជាប់ខ្លួន ។
អ្នកស្រី Elena Kuzminដែលជាពលរដ្ឋមួយរូបទៀតនិយាយដែរថា ពុំមានអាកាសធាតុអាក្រក់នោះទេ ប៉ុន្តែមានតែសម្លៀកបំពាក់អាក្រក់ ។ ស្លៀកពាក់ក្រាស់ៗ នោះអ្វីៗនឹងល្អប្រសើរ ។
អ្នកស្រីបន្តថា សាលារៀនប្តូរទៅរៀនតាមអនឡាញ ដើម្បីជួយសិស្សទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ។
ទោះបីជាមានសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះយ៉ាងណាក្តី ធុរកិច្ចនៅដំណើរធម្មតាទេសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Yakutsk ក្នុងនោះការដឹកជញ្ជូនសាធារណៈ ប្រតិបត្តិការទៅធម្មតាដូចគ្នា ៕