ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ នេះ កុមាររស់នៅរាជធានីភ្នំពេញ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ជាង៣ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣រួចរាល់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត។
អាណាព្យាបាល និងកុមារដែលបានចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVបានឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣រួច ជួយបង្កើនទំនុកចិត្ត កាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ តែបើទោះបីពួកគេ បានចាក់វ៉ាក់សាំងរួចក្តី ក៏នៅតែបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ នេះ កុមាររស់នៅរាជធានីភ្នំពេញ អាយុពី៦ឆ្នាំ ដល់ក្រោម១២ ជាង៣ម៉ឺននាក់ បានទៅទទួលការចាក់វ៉ាក់សាំងដូសទី៣រួចរាល់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត។
សម្រាប់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ដល់ដូសទី៤ អាយុពី ៣ឆ្នាំឡើង អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅជាមួយ កាតចាក់វ៉ាក់សាំង សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត៕
អត្ថបទ៖ ទូច សោភ័ណ