ក្រុមមន្ត្រីនគរបាលសហរដ្ឋអាមេរិក កំពុងចុះសាកសួរពីផ្ទះមួយទៅផ្ទះមួយនៅថ្ងៃចន្ទ (១៥ ធ្នូ) ដើម្បីស្វះស្វែងរកវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅតាមលំនៅឋានប្រជាជន ក្នុងក្ដីសង្ឃឹមថាអាចចាប់ខ្លួនជនសង្ស័យបាន ខណៈក្រុមអ្នកស៊ើបអង្កេតបន្តការតាមប្រមាញ់ខ្មាន់កាំភ្លើង ដែលបានសម្លាប់និស្សិត ២នាក់ និងបង្ករបួសជាច្រើននាក់ទៀត ក្នុងការបាញ់ប្រហារនៅថ្នាក់រៀនមួយពេលនិស្សិតកំពុងប្រឡង ក្នុងសកលវិទ្យាល័យ Brown រដ្ឋ Rhode Island។

ការស្វែងរកជនសង្ស័យ រួមមានការបង្ហោះវីដេអូថ្មីរបស់ជនដែលអាចជាខ្មាន់កាំភ្លើង បានបន្តឡើងវិញ បន្ទាប់ពីអាជ្ញាធរដោះលែងបុរសម្នាក់ ដែលពួកគេបានឃុំខ្លួនកាលពីចុងសប្តាហ៍ក្នុងនាមជា «បុគ្គលជាប់ពាក់ព័ន្ធ»។ ព័ត៌មានដែលថា ខ្មាន់កាំភ្លើងនៅមិនទាន់ត្រូវចាប់ខ្លួនបាន ធ្វើឱ្យទីក្រុង Providence មានក្ដីបារម្ភឡើងវិញ ទោះបីជាក្រុមមន្ត្រីនិយាយថា មិនមានការគំរាមកំហែងដល់សហគមន៍ក៏ដោយ។

លោក Ted Docks ភ្នាក់ងារពិសេសរបស់អង្គភាព FBI ទទួលបន្ទុកមកពីទីក្រុងបូស្តុន បាននិយាយថា ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារ កំពុងផ្តល់ជូន សម្រាប់អ្នកមានព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ ការចាប់ខ្លួន និងការផ្តន្ទាទោសជនសង្ស័យ ខណៈជនដៃដល់រូបនោះ ត្រូវគេសន្មត់ថា នៅតែមានអាវុធ និងមានគ្រោះថ្នាក់។
មន្ត្រីនគរបាលកំពុងគោះទ្វារផ្ទះអ្នកស្រុកដើម្បីសាកសួរថា តើមានអ្នកណាបានឃើញអ្វីខ្លះ ឬមានកាមេរ៉ាសុវត្ថិភាពណាមួយដែលអាចថតបានជនសង្ស័យដែរឬទេ ខណៈឧទ្ធម្ភាគចក្រនគរបាលបន្តហោះហើរជុំវិញតំបន់ស្វែងរក។ នគរបាលនិយាយថា ក្រោយបើកការបាញ់ប្រហារក្នុងអគារសិក្សាផ្នែកវិស្វកម្ម នៅក្នុងសកលវិទ្យាល័យ Brown កាលពីថ្ងៃសៅរ៍កន្លងទៅ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ស្រមោល៕

