មន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មាន Axios ថា សេតវិមានបានផ្ញើសារឯកជនដ៏ម៉ឺងម៉ាត់មួយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដោយសង្កត់ធ្ងន់ថា ការសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសកាលពីចុងសប្តាហ៍មុន គឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយលោកប្រធានាធិបតី Trump ។

សារខឹងសម្បារពីសេតវិមាននេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងរដ្ឋបាលលោក Trump និងរដ្ឋាភិបាលលោក Netanyahu ជុំវិញដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនៅដែនដីហ្កាហ្សា និងលើគោលនយោបាយតំបន់ដ៏ទូលំទូលាយរបស់អ៊ីស្រាអែល។

យោងតាមមន្ត្រីអាមេរិកទាំងពីររូប បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ប្រេសិតពិសេសរបស់សេតវិមានលោក Steve Witkoff និងទីប្រឹក្សា និងជាកូនប្រសាររបស់លោក Trump គឺលោក Jared Kushner មានការខកចិត្តយ៉ាងខ្លាំងចំពោះលោក Netanyahu។

លោក Netanyahu ត្រូវគេរំពឹងថានឹងជួបលោក Trump នៅគេហដ្ឋាន Mar-a-Lago របស់លោក នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ ។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុង ស៊ើបអង្កេត ថាតើអ៊ីស្រាអែល បានរំលោភលើបទឈប់បាញ់នៅហ្កាហ្សាឬអត់ ប៉ុន្តែបានសង្កត់ធ្ងន់ក្នុងពេលជាមួយគ្នានេះថា ទំនាក់ទំនងរបស់លោកជាមួយលោក Netanyahu គឺល្អ៕