អឺរ៉ុប៖ បណ្ដាប្រទេសនៅអឺរ៉ុបបន្ថែមទៀតរួមទាំងបារាំង អ៊ីតាលី អេស្ប៉ាញ និងក្រិកជាដើមបាននិយាយថា ពួកគេគាំទ្របម្រាមលើប្រទេសរុស្ស៊ីមិនឲ្យប្រើបណ្ដាញទូទាត់ប្រាក់សកល Swift ដើម្បីដាក់សម្ពាធបន្ថែមទៀតលើប្រទេសនេះ បន្ទាប់ពីការឈ្លានពានរបស់ខ្លួនទៅលើប្រទេសជិតខាងអ៊ុយក្រែន។

ចំណាត់ការដែលខ្លួនរំពឹងថានឹងប៉ះពាល់ដល់ពាណិជ្ជកម្មរបស់រុស្ស៊ី ដែលនឹងធ្វើឲ្យកាន់តែធ្ងន់ធ្ងរថែមទៀតដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននានានៅក្នុងប្រទេស កំពុងត្រូវបានពិចារណាពង្រីកការដាក់ទណ្ឌលើរបបរបស់លោកប្រធានាធិបតី Vladimir Putin។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានព្រមានថា អ្នកនយោបាយរបស់សហភាពអឺរ៉ុប និងអាមេរិកនឹងមានឈាមប្រឡាក់បាតដៃរបស់ពួកគេ ប្រសិនបើមិនគាំទ្រលើបម្រាមនេះទេនោះ។ មួយថ្ងៃក្រោយមក ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា បម្រាមនោះមិនចាំបាច់តែទទួលការឯកភាពជាឯកច្ឆន្ទទេ ប៉ុន្តែវានឹងនៅតែមានលទ្ធភាពសម្រាប់ការពិចារណានាពេលអនាគត។

ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយកាលពីចុងសប្ដាហ៍នេះថា លោកស្រីមិនជឿថា បម្រាមនេះគឺជាជម្រើសល្អបំផុតនោះទេ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បាននិយាយថា បម្រាមនោះគួរតែត្រូវបានប្រើប្រាស់ តែជាជម្រើសចុងក្រោយប៉ុណ្ណោះ៕
អត្ថបទ៖ សុខមាន