ប្រធានាធិបតីសហរដ្ឋអាមេរិកឯកឧត្តម ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់ដែលរឿងនេះមិនគួរកើតឡើងទេ។ ឯកឧត្តមប្រធានាធិបតីថ្លែងថា អាមេរិកនឹងចូលដោះស្រាយសង្រ្គាមនេះ។ ការថ្លែងរបស់ឯកឧត្តម ដូណាល់ ត្រាំ បែបនេះធ្វើឡើងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។
ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា៖ «សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយៗវាជារឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចកាលពីម្សិលមិញនោះគឺរវាងថៃ និងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយជម្លោះនេះ»៕