អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថានៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូល តំបន់អូរភ្លុកដំរី និងបន្តពង្រីកទីតាំងបាញ់ផ្លោងចូលដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងទៀតនៅ តំបន់យោធភូមិភាគទី៤ និងភូមិភាគទី៥។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យថ្លែងថា គិតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ដោយថ្ងៃនេះបានបន្តបាញ់ផ្លោងចូលកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងឃោឃៅបំផុតចាប់តាំងម៉ោង១រំលងអធ្រាត្រ ដោយប្រើប្រាស់អាវុធធុនធ្ងន់ រថក្រោះ ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម។
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថាបើទោះបីជាទាហានឈ្លានពានថៃបន្តបាញ់ផ្លោងមកលើកម្ពុជាយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មុះមុតនិងស្វិតស្វាញបំផុតក្នុងកិច្ចការពារនូវបូរណភាពទឹកដីកម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។
លោកជំទាវបានបន្ថែមទៀតថា វីរកងទ័ព និងវីរនគរបាលកម្ពុជានឹងមិនរាថយ ចុះញ៉មចំពោះទង្វើឈ្លានពានរបស់ទាហានថៃនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយវីរកងទ័ពកម្ពុជា បានបន្តបាញ់តបតទៅចោរឈ្លានពានវិញយ៉ាងសន្ធប់ដើម្បីការពារជាតិរបស់ខ្លួនដោយមិនឲ្យ បាត់បង់នោះឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បាន ប្រកាស និងបានប្រាប់ទៅភាគីថៃម្តងទៀតផងដែរថា រាល់ការបាញ់ឆ្លើយតបរបស់កម្ពុជាគឺសំដៅតែទៅលើចោរឈ្លានពានប៉ុណ្ណោះ មិនសំដៅទៅលើជនស៊ីវិលដូចទាហានឈ្លានពានថៃនោះឡើយ ខណៈទាហានឈ្លានពានថៃបានបាញ់ផ្លោកមិនរើសគោលដៅ ដោយបាញ់សំដៅទៅជនស៊ីវិលកម្ពុជាបណ្តាលឲ្យបាត់បង់ជីវិត និងរងរបួសរាប់សិបនាក់ បាញ់ចូលសាលារៀន វត្តអារាម មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបូរាណរបស់មនុស្សជាតិ នោះឡើយ៕ អត្ថបទបាន ចក់