ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Newsmax កាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro នឹងត្រូវបានស្វាគមន៍ឱ្យចូលទៅប្រទេសបេឡារុស ប្រសិនបើលោកចុះចេញពីតំណែង ប៉ុន្តែក៏សង្កត់ធ្ងន់ថា កិច្ចពិភាក្សាបែបនេះមិនទាន់ធ្វើឡើងជាមួយលោក Maduro នោះទេ។

គួរបញ្ជាក់ថា លោក Lukashenko គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ជាមួយគ្នានេះ វិមានក្រឹមឡាំង បាននិយាយកាលពីសប្ដាហ៍មុនថា លោក Putin បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោក ចំពោះវ៉េណេស៊ុយអេឡា ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Maduro ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែង។

ការទទួលស្វាគមន៍នេះ កើតឡើងស្របពេលភាពតានតឹងខ្ពស់រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវ៉ណេស៊ុយអេឡា ជាមួយនឹងវត្តមានយោធាទ្រង់ទ្រាយធំរបស់អាមេរិក នៅភាគខាងត្បូងតំបន់ការ៉ាអ៊ីប ការវាយប្រហារលើទូកដែលសង្ស័យថាជួញដូរគ្រឿងញៀន និងការព្រមានពីប្រធានាធិបតីអាមេរិក Donald Trump ដែលថា ប្រតិបត្តិការជើងគោក អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនៅវ៉េណេស៊ុយអេឡា។

នៅក្នុងបទសម្ភាសន៍នោះ លោក Lukashenko បាននិយាយថា បេឡារុស និងវ៉េណេស៊ុយអេឡា មានទំនាក់ទំនងដ៏យូរអង្វែង ហើយលោក Maduro ត្រូវស្វាគមន៍ជានិច្ចក្នុងការទៅកាន់ទីក្រុងមីនស្កិ៍ ប្រសិនបើលោកចង់ធ្វើដូច្នេះ។ យ៉ាងណាក៏ដោយ លោក Lukashenko បានជំរុញឱ្យមានដំណោះស្រាយសន្តិវិធីជាមួយអាមេរិក លើបញ្ហាវ៉េណេស៊ុយអេឡា៕