ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដែលយកគំរូតាមមាត្រាទី៥ នៃការសន្យាការពារគ្នាទៅវិញទៅមក របស់សម្ព័ន្ធយោធាណាតូ ក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងជាមួយរុស្ស៊ី ដែលនេះជាការផ្តល់ជូនមិនធ្លាប់មានពីមុនមក ក្នុងបំណងបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងឆ្នាំ២០២២។

មន្ត្រីអាមេរិកពីររូប បានពិពណ៌នាអំពីការធានាសន្តិសុខ ដែលបានស្នើឡើងនិងលើកយកទៅពិភាក្សាក្នុងអំឡុងកិច្ចចរចា ២ថ្ងៃនៅទីក្រុងប៊ែរឡាំង ថា «ដូចមាត្រាទី៥» របស់ណាតូ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិសុខអ៊ុយក្រែន ទោះជាទីក្រុងគីវ មិនមែនជាសមាជិកណាតូក៏ដោយ។ គួរឱ្យដឹងថា មាត្រាទី៥ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសន្ធិសញ្ញាបង្កើតសម្ព័ន្ធការពារជាតិណាតូ ដែលបានចែងថា "ការវាយប្រហារប្រឆាំងនឹងសមាជិកម្នាក់របស់ណាតូ ត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់"។

គេមិនច្បាស់ទេថា តើអាមេរិកនឹងប្រឹងប្រែងដល់កម្រិតណា ក្នុងការផ្តល់ការធានាសន្តិសុខបែបនេះដល់អ៊ុយក្រែន។ ក្រុមមន្ត្រីនិយាយថា ការធានាសន្តិសុខ នឹងរួមបញ្ចូលការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងវិធានការដោះស្រាយជម្លោះ ដើម្បីទប់ស្កាត់ជម្លោះតូចៗ មិនឱ្យរាលដាលក្លាយជាជម្លោះធំ។

ទាក់ទងនឹងនឹងផែនការសន្តិភាព ក្រុមមន្ត្រីអាមេរិកទាំងនោះនិយាយថា កិច្ចព្រមព្រៀងយ៉ាងទូលំទូលាយលើបញ្ហាជាច្រើន សម្រេចបាន ៩០% ហើយរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែបញ្ហាទឹកដី និងអធិបតេយ្យភាព នៅមិនទាន់មានការឯកភាពដោយភាគីទាំងពីរនៅឡើយ។ ការស្ទង់មតិនៅអ៊ុយក្រែន បង្ហាញថា ជនជាតិអ៊ុយក្រែនមួយចំនួនតូចប៉ុណ្ណោះ ដែលមានឆន្ទៈទទួលយកសម្បទានទឹកដី ដែលជាលក្ខខណ្ឌសំខាន់របស់រុស្ស៊ី សម្រាប់ការបញ្ចប់សង្គ្រាមរបស់ខ្លួន៕