បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា ខ្លួនបានធ្វើការវាយប្រហារលើនាវាចំនួន ៣គ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ដោយបានសម្លាប់មនុស្សចំនួន ៨នាក់។

ក្នុងសារមួយលើបណ្ដាញសង្គម X យោធាអាមេរិក បាននិយាយថា៖ “ចារកម្មសម្ងាត់បញ្ជាក់ថា នាវាទាំងនោះកំពុងធ្វើដំណើរឆ្លងកាត់តាមច្រកដែលគេស្គាល់ថាជាបណ្ដាញផ្លូវជួញដូរគ្រឿងញៀន នៅភាគខាងកើតប៉ាស៊ីហ្វិក ហើយអ្នកទាំងនោះចូលរួមក្នុងសកម្មភាពជួញដូរគ្រឿងញៀន”។

មកទល់ពេលនេះ សហរដ្ឋអាមេរិកបានវាយប្រហារនាវាជាង ២០គ្រឿងមកហើយ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងការ៉ាអ៊ីប នៅជិតវ៉េណេស៊ុយអេឡា ជាផ្នែកមួយនៃយុទ្ធនាការយោធារបស់លោកប្រធានាធិបតី Donald Trump លើបណ្ដាញរត់ពន្ធគ្រឿងញៀនចេញពីតំបន់នោះ។ ក្នុងប្រតិបត្តិទាំងអស់នេះ មានជនសង្ស័យរត់ពន្ធគ្រឿងញៀនយ៉ាងតិច ៩០នាក់ ត្រូវបានសម្លាប់។

រដ្ឋបាលលោក Trump បានព្យាយាមការពារភាពស្របច្បាប់នៃការវាយប្រហារ ដែលអ្នកជំនាញផ្នែកច្បាប់មួយចំនួននិយាយថា អាចជាការសម្លាប់ក្រៅប្រព័ន្ធតុលាការខុសច្បាប់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែនេះថា «ប្រតិបត្តិការរបស់យោធាអាមេរិក នៅតំបន់ បញ្ជាការភាគខាងត្បូង (Southcom) គឺស្របក្រោមច្បាប់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ ដោយសកម្មភាពទាំងអស់ សុទ្ធតែអនុលោមតាមច្បាប់ជម្លោះប្រដាប់អាវុធ»៕