ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសហុងឌុយរ៉ាស លោកស្រី Ana Paola Hall បាននិយាយកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា បាតុកម្មយ៉ាងកម្រោលបានផ្ទុះឡើងនៅក្នុងរដ្ឋធានី តេហ្គូស៊ីហ្កាល់ប៉ា ដែលនាំឱ្យពន្យារពេលការចាប់ផ្តើមរាប់សន្លឹកឆ្នោតពិសេសមួយចំនួនឡើងវិញ ក្រោយការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសនៅថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅ។

ហ្វូងអ្នកគាំទ្ររាប់រយនាក់នៃគណបក្សឆ្វេងនិយម LIBRE ដែលកំពុងកាន់អំណាច បានសម្រុកតវ៉ាកាលពីថ្ងៃចន្ទ នៅក្រៅអគារដែលរក្សាទុកសន្លឹកឆ្នោត។ ការតវ៉ានេះបានរារាំងបុគ្គលិករៀបចំការបោះឆ្នោត មិនឱ្យចាប់ផ្តើមរាប់សន្លឹកឆ្នោតឡើងវិញដោយផ្ទាល់ ប្រហែល ១៥% ដែលតំណាងឱ្យសន្លឹកឆ្នោតរាប់សែនសន្លឹក ក្នុងអ្វីដែលអ្នករិះគន់និយាយថា មាន «ភាពមិនស៊ីសង្វាក់គ្នា»។
ខណៈដែលថ្ងៃបោះឆ្នោតផ្ទាល់មានភាពស្ងប់ស្ងាត់ ដំណើរការជាបន្តបន្ទាប់នៃការរាប់សន្លឹកឆ្នោត និងការរាយការណ៍ចំនួនសន្លឹកឆ្នោត ត្រូវបានបំផ្លាញដោយភាពវឹកវរ បាតុកម្ម និងការភាន់ច្រឡំ រួមទាំងការបរាជ័យផ្នែកបច្ចេកទេស និងជម្លោះផ្ទៃក្នុងនយោបាយជាដើម។
ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោកស្រី Hall បាននិយាយថា ការតវ៉ា «បានរារាំងលក្ខខណ្ឌចាំបាច់ សម្រាប់ការចាប់ផ្តើមរាប់សន្លឹកឆ្នោតពិសេសឡើងវិញ»។ បច្ចុប្បន្ន លទ្ធផលបឋមចុងក្រោយបំផុតបង្ហាញថា លោក Nasry Asfura អ្នកអភិរក្សនិយមមកពីគណបក្សជាតិ បាននាំមុខគេ ក្នុងសំឡេងគាំទ្រ ៤០,៥៤%។ គួរបញ្ជាក់ថា ការរាប់ឡើងវិញអាចផ្លាស់ប្តូរលទ្ធផលឆ្នោតរវាងបេក្ខជននាំមុខ៕


