ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្តឹងប្រព័ន្ធផ្សព្វផ្សាយ BBC កាលពីថ្ងៃចន្ទ ពីបទបរិហារកេរ្តិ៍ជុំវិញឃ្លីបវីដេអូដែលបានកែសម្រួលសុន្ទរកថាមួយធ្វើឱ្យវាហាក់ដូចជាលោកបានដឹកនាំអ្នកគាំទ្រឱ្យសម្រុកចូលវិមានកាពីតូលសហរដ្ឋអាមេរិក។

លោក Trump បានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈរបស់ចក្រភពអង់គ្លេសមួយនេះថាបានបរិហារកេរ្តិ៍លោកដោយភ្ជាប់ផ្នែកខ្លះនៃសុន្ទរកថាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រួមទាំងផ្នែកមួយនៅកន្លែងដែលលោកបានប្រាប់អ្នកគាំទ្រឱ្យដើរក្បួនទៅកាន់វិមានកាពីតូល និងផ្នែកមួយទៀតដែលលោកបាននិយាយថា «ប្រយុទ្ធដូចឋាននរក»។ វាបានលុបចោលផ្នែកមួយដែលលោកបានអំពាវនាវឱ្យមានការតវ៉ាដោយសន្តិវិធី។

បណ្តឹងរបស់លោក Trump បានចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយBBC បានបរិហារកេរ្តិ៍លោក និងបានរំលោភលើច្បាប់រដ្ឋFlorida ដែលហាមឃាត់ការអនុវត្តពាណិជ្ជកម្មធ្វើឲ្យយល់ខុស និងអយុត្តិធម៌។ លោកកំពុងស្វែងរកសំណងចំនួន៥ពាន់លានដុល្លារក្នុងការខូចខាតសម្រាប់បណ្តឹងនីមួយៗក្នុងចំណោមបណ្តឹងចំនួន២។ ប្រព័ន្ធផ្សព្វផ្សាយBBC បានសុំអភ័យទោសលោក Trump ដោយបានទទួលស្គាល់កំហុសនៃការវិនិច្ឆ័យ និងទទួលស្គាល់ថាការកែសម្រួលនេះបានផ្តល់នូវចំណាប់អារម្មណ៍ខុសដែលថាលោកបានធ្វើការអំពាវនាវដោយផ្ទាល់សម្រាប់សកម្មភាពហិង្សា។ នៅក្នុងបណ្តឹងរបស់លោក Trump ដែលបានបញ្ជូនទៅតុលាការសហព័ន្ធ Miami កាលពីថ្ងៃចន្ទ បាននិយាយថា BBC ទោះបីជាបានសុំអភ័យទោសហើយក៏ដោយ «ពុំបានបង្ហាញពីការសោកស្តាយពិតប្រាកដចំពោះទង្វើខុសឆ្គងរបស់ខ្លួន ឬការផ្លាស់ប្តូរស្ថាប័នដ៏មានន័យដើម្បីការពារការបំពានសារព័ត៌មាននាពេលអនាគត ទេ»។