អាជ្ញាធរនៅតំបន់ហ្កាហ្សា បានព្រមានកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ថា អគារកាន់តែច្រើន ដែលរងការខូចខាតដោយសង្គ្រាម អាចនឹងដួលរលំថែមទៀត ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ប៉ាឡេស្ទីនមួយនេះ ហើយបាននិយាយថា អាកាសធាតុដ៏អាក្រក់កំពុងធ្វើឱ្យអ្នកស្រុកជួបការលំបាក ក្នុងការស្វែងរកសាកសពមនុស្សរាប់ពាន់នាក់ ដែលនៅជាប់ក្រោមគំនរបាក់បែក។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន អគារពីរខ្នងបានដួលរលំនៅតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សជាង ១០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ ស្របពេលព្យុះភ្លៀងដែលបានបោកបក់ ជន់លិចតង់នានា និងនាំឱ្យមានការស្លាប់ថ្មីៗជាច្រើន។
អាជ្ញាធរហ្កាហ្សា បាននិយាយថា ពួកគេនៅតែកំពុងជីកកកាយដើម្បីតាមស្វែងរកសាកសពប្រហែល ៩.០០០នាក់ ដែលពួកគេប៉ាន់ស្មានថា នៅតែកប់ក្នុងគំនរបាក់បែក ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលអំឡុងពេលសង្គ្រាម ប៉ុន្តែពួកគេខ្វះគ្រឿងចក្រដែលត្រូវការ ដើម្បីពន្លឿនការងារនេះ ស្របពេលអាកាសធាតុដ៏កំណាច។
ជាមួយគ្នានេះ ស្ថានភាពរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីន នៅតែលំបាក ទោះបីជាអ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងលើបទឈប់បាញ់កាលពីខែតុលា ក្រោយសង្រ្គាមអស់ ២ឆ្នាំក៏ដោយ ខណៈទីភ្នាក់ងារមនុស្សធម៌និយាយថា នៅតែមានជំនួយតិចតួចណាស់ដែលចូលទៅក្នុងតំបន់ហ្កាហ្សា ជាទីដែលប្រជាជនស្ទើរតែទាំងអស់ គ្មានផ្ទះសម្បែងជ្រកកោន៕


