ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ទីក្រុងញូវដែលី បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ថា ទីភ្នាក់ងារបានដាក់ពាក្យបណ្តឹងលើមនុស្ស៦នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើអ្នកទេសចរនៅតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា ដោយឲ្យប្រទេសប៉ាគីស្ថានទទួលខុសត្រូវចំពោះរឿងនេះ។

អ្នកវាយប្រហារ បានសម្លាប់មនុស្ស២៦នាក់ ភាគច្រើនជាភ្ញៀវទេសចរហិណ្ឌូ ក្នុងការវាយប្រហារកាលពីខែមេសា ដែលបានបង្កឱ្យមានជម្លោះរយៈពេលច្រើនថ្ងៃរវាងប្រទេសជិតខាងទាំងពីរ។
ទីក្រុងញូវដែលី បានចោទប្រកាន់ប្រទេសប៉ាគីស្ថានថាគាំទ្រការវាយប្រហារនៅក្នុងទីក្រុងរមណីយដ្ឋាន Pahalgam ដែលការអះអាងនេះទីក្រុងអ៊ីស្លាម៉ាបាដ បានច្រានចោល។ ក្រុមស្រមោលមួយដែលមានឈ្មោះថារណសិរ្យតស៊ូ (TRF) ដំបូងឡើយបានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

សហរដ្ឋអាមេរិកបានចាត់ទុករណសិរ្យតស៊ូ (TRF) ថាជា «រណសិរ្ស និងជាអ្នកតំណាង» របស់ ក្រុមLashkar-e-Taiba(LeT) ជាក្រុមភេរវករដែលកំណត់ដោយអង្គការសហប្រជាជាតិមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។
ការសម្លាប់មនុស្សកាលពីថ្ងៃទី២២ ខែមេសា បានបង្កឱ្យមានវិធានការផ្នែកទូតជាបន្តបន្ទាប់ដោយប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ និងបាននាំឱ្យមានការបាញ់មីស៊ីល យានដ្រូន និងកាំភ្លើងធំ។ ជម្លោះរយៈពេលបួនថ្ងៃបានបណ្តាលឱ្យមនុស្សជាង៧០នាក់ស្លាប់នៅភាគីទាំងសងខាង។