យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៏មាន CBC បានឱ្យដឹងថា ផ្នែកមួយចំនួននៃខេត្ត British Columbia របស់ប្រទេសកាណាដា កំពុងប្រឈមនឹងហានិភ័យទឹកជំនន់កាន់តែខ្លាំងឡើងកាលពីថ្ងៃចន្ទ (១៥ ធ្នូ) ខណៈដែលភ្លៀងធ្លាក់ខ្លាំង រួមផ្សំជាមួយនឹងការរលាយនៃព្រិល បានបណ្តាលឱ្យកម្រិតទឹកទន្លេ ហក់ឡើងយ៉ាងឆាប់រហ័ស។

ក្រសួងបរិស្ថានកាណាដា បានចេញការព្រមានកម្រិតពណ៌លឿងទុំ អំពីភ្លៀងធ្លាក់ខ្លាំង សម្រាប់ផ្នែកខ្លះនៃជ្រលងភ្នំ Fraser ភាគខាងលិច និងកណ្តាល រួមទាំងតំបន់មួយចំនួនទៀត ដោយព្រមានថា ទឹកភ្លៀងរហូតដល់ ៨០មីលីម៉ែត្រ អាចនឹងធ្លាក់នៅតំបន់ខ្ពស់ៗ។ ការព្រមានពណ៌លឿងទុំបែបនេះ បង្ហាញពីអាកាសធាតុធ្ងន់ធ្ងរ ដែលទំនងជាបណ្តាលឱ្យមានការខូចខាត ឬការរំខានយ៉ាងធ្ងន់ធ្ងរ។

នៅទីក្រុង Abbotsford នៃខេត្ត British Columbia ផលប៉ះពាល់នៃទឹកជំនន់អាចមើលឃើញយ៉ាងច្បាស់កាលពីថ្ងៃចន្ទ ដោយគ្រឿងចក្រនៅក្នុងវាលស្រែ និងទ្រព្យសម្បត្តិមួយចំនួនត្រូវជន់លិចទឹក ខណៈបណ្ដាញផ្លូវក៏ពោរពេញទៅដោយទឹកជំនន់។
ទីភ្នាក់ងារព័ត៌មាន CBC បានបន្ថែមថា ទឹកជំនន់បានស្រកចុះខ្លះនៅផ្នែកមួយចំនួន ដែលអនុញ្ញាតឱ្យក្រុមមន្ត្រីដក ឬបន្ទាបកម្រិតបទបញ្ជាជម្លៀសជាច្រើននៅក្នុងទីក្រុង Abbotsford ប៉ុន្តែទោះជាបែបនេះក្ដី លំនៅឋានរាប់សិបកន្លែងនៅតែស្ថិតក្រោមបញ្ជាជម្លៀស ឬការប្រុងប្រយ័ត្ន រួមទាំងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដែលរងផលប៉ះពាល់ខ្លាំងដោយទឹកជំនន់៕
