រដ្ឋាភិបាលប្រទេសវ៉េណេស៊ុយអេឡា បានរិះគន់ក្រុមប្រឹក្សាអឺរ៉ុបជុំវិញការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មជាថ្មីប្រឆាំងប្រទេសអាមេរិកខាងត្បូងមួយនេះរហូតដល់ឆ្នាំ២០២៧ ដោយចាត់ទុកវិធានការទាំងនោះថា «ជាការបរាជ័យទាំងស្រុង»។

ទណ្ឌកម្ម ដែលត្រូវបានដាក់ជាលើកដំបូងក្នុងឆ្នាំ២០១៧ រួមមានបម្រាមដឹកជញ្ជូនអាវុធទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ព្រមទាំងបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិលើបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការបង្ក្រាបរបស់រដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចែករំលែកដោយរដ្ឋមន្ត្រីការបរទេស លោក Yvan Gil Pinto ទីក្រុងការ៉ាកាស បាននិយាយថា ទណ្ឌកម្មទាំងនេះគឺជាការបង្ខិតបង្ខំ និងផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយពួកគេបានបញ្ជាក់ពីកង្វះស្វ័យភាពរបស់សហភាពអឺរ៉ុបនៅលើឆាកអន្តរជាតិ។

កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសពីផែនការរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មជាថ្មីលើប្រទេសវ៉េណេស៊ុយអេឡារហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៧ ដោយលើកឡើងពី «ចំណាត់ការជាប់លាប់ដែលធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ» និងការរំលោភសិទ្ធិមនុស្សក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Nicolas Maduro។
វិធានការដាក់ទណ្ឌកម្មរួមមាន បម្រាមអាវុធនិងយុទ្ធោបករណ៍ បម្រាមនាំចេញយុទ្ធោបករណ៍ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការបង្ក្រាបក្នុងប្រទេស ដូចជាអាវុធធុនស្រាល គ្រាប់រំសេវ និងបច្ចេកវិទ្យាតាមដាន និងបម្រាមធ្វើដំណើរដែលធ្វើឲ្យប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាល បុគ្គលិកយោធា និងចៅក្រម ដែលជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។