ក្រុមប្រឹក្សាច្បាប់ជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បានច្រានចោលបញ្ហាប្រឈមផ្លូវច្បាប់មួយរបស់អ៊ីស្រាអែលដែលកំពុងស្វែងរកការរារាំងការស៊ើបអង្កេតលើចំណាត់ការរបស់ខ្លួននៅក្នុងសង្គ្រាមប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ជាការវាយប្រហារមួយទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែលក្នុងការរារាំងសំណុំរឿងនេះ។

នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដែលបានចេញកាលពីថ្ងៃចន្ទ ចៅក្រមបានច្រានចោលមិនព្រមលុបសេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលអនុញ្ញាតឱ្យរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ស៊ើបអង្កេតឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

សេចក្តីសម្រេចនេះបើកផ្លូវសម្រាប់ការបន្តការស៊ើបអង្កេតនៅប៉ាឡេស្ទីនរបស់តុលាការ ដែលនាំឱ្យមានការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant កាលពីខែវិច្ឆិកា ឆ្នាំមុន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានចោទប្រកាន់។
អ៊ីស្រាអែល មិនទទួលស្គាល់យុត្តាធិការរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេទេ ហើយបានបដិសេធដដែលៗចំពោះការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្កាហ្សា។