សហភាពអឺរ៉ុបបានចាប់ផ្តើម នាំយកជំនួយមនុស្សធម៌ដឹកតាមយន្តហោះចំនួន៨គ្រឿងចូលទៅក្នុងតំបន់ Darfur ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនៅប្រទេសស៊ូដង់។

អង្គភាពត្រួតពិនិត្យជំនួយក្រៅប្រទេសរបស់គណៈកម្មការអឺរ៉ុប បានបង្ហាញវិធានការនេះកាលពីថ្ងៃចន្ទ និងបាននិយាយថា ជើងហោះហើរទាំងនេះនឹងដឹកជញ្ជូនការផ្គត់ផ្គង់ «សម្ភារៈសង្គ្រោះជីវិត" មានតម្លៃ៣,៥ លានអឺរ៉ូ (៤,១ លានដុល្លារ) ទៅកាន់តំបន់ភាគខាងលិច ជាកន្លែងមាន «អំពើឃោរឃៅដ៏ខ្លាំងក្លា ការស្រេកឃ្លាន និងការជម្លៀសខ្លួន» ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់កំពុងត្រូវការជំនួយបន្ទាន់។

អង្គភាពការពារជនស៊ីវិល និងប្រតិបត្តិការជំនួយមនុស្សធម៌របស់គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជើងហោះហើរដំបូងបានចេញដំណើរកាលពីថ្ងៃសុក្រ ដោយដឹកជញ្ជូនជំនួយប្រហែល១០០តោនពី «ឃ្លាំងស្តុកមនុស្សធម៌របស់សហភាពអឺរ៉ុប និងអង្គការដៃគូ»។
អង្គភាពនេះនិយាយថា ជើងហោះហើរបន្ថែមទៀតនឹងបន្តពេញមួយខែនេះ និងខែមករា ដោយមានទឹក សម្ភារៈទីជម្រក សម្ភារៈអនាម័យ និងសម្ភារៈសុខភាព ក្នុងចំណោមសម្ភារៈដែលកំពុងដឹកជញ្ជូនទៅកាន់ «កន្លែងមួយក្នុងចំណោមកន្លែងដែលពិបាកបំផុតរបស់ពិភពលោកសម្រាប់អង្គការជំនួយដើម្បីបានទៅដល់»។